(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា ថាវរិទ្ធ អភិបាលស្តីពីខេត្តស្ទឹងត្រែង។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបតាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំធំសាលាខេត្ត នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖

ទី១៖ ប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងយោងប្រកាសលេខ ២៣៤០ប្រ.ក។
ទី២៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
ទី៣៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២១ ទិសដៅការងារសម្រាប់អនុវត្តភារកិច្ចបន្តរបស់រដ្ឋបាលខេត្ត។
ទី៤៖ ការពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលមានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភបុគ្គលិកមន្រ្តីប្រចាំខែមេសា ដល់កញ្ញា ឆ្នាំ២០២១
ទី៥៖ បញ្ហាផ្សេងៗ
និងទី៦៖ មតិបូកសរុប និងបិទកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តបានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្តការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ តាមខែនីមួយៗ ជាពិសេសខែកញ្ញា ដែលទើបកន្លងផុតថ្មីៗនេះ។

ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា បច្ចុប្បន្នខេត្តស្ទឹងត្រែង បាននឹងកំពុងអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃដោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំប្រទេស។

ជាមួយគ្នានេះដែរ លោក ឈាង ឡាក់ បានស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តការងាររបស់ខ្លួនឱ្យសម្រេចទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការដែលបានដាក់ចេញ៕