Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដង្កោ រៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ នៅជើងឯក

06-04-2016 15:42

(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ជូនប្រជាពលរដ្ឋខ្មែរ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីសាសនាមួយនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងមានការចូលរួមពីមន្ត្រីរាជការ ខណ្ឌ-សង្កាត់ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់។

ក្នុងឱកាសនោះ លោកអភិបាល បានរំលឹកអំពីការបាត់បង់ជីវិត របស់ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់រាប់លាននាក់ ពិសេសគឺនៅទីនេះផ្ទាល់ដែល ដែលបនប្រល័យពូជសាសន៍ប៉ុលពត បានយកប្រជាជន ពីមន្ទីរស២១ (ទួលស្លែង) ដែលជាប់ឃុំឃាំងទាំងពុំមានកំហុស ដោយចោទថាជាខ្មាំង មកសម្លាប់ ក្នុងរយៈពេលនៃការកាន់អំណាច ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ថ្ងៃនេះ សាលាខណ្ឌដង្កោ រួមមានគណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសហការជាមួយមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក រៀបចំពិធីបង្សុកូល និងរាប់បាត្រ ព្រះសង្ឃចំនួន ២៥អង្គ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនជនរងគ្រោះដែលបានបាត់បង់ជីវិត ហើយជារៀងរាល់ឆ្នាំ សាលាខណ្ឌដង្កោ តែងបានប្រារព្ធនេះ នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រៀងរាល់ឆ្នាំមិនដែលខកខានឡើយ៕