(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសបើកយុទ្ធនាការនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ បាននិងកំពុងដំណើរការទៅក្នុងស្ថានភាពមួយដ៏ល្អប្រសើរ ខណៈប្រជាពលរដ្ឋបានទៅចាក់ដោយក្តីរីករាយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើដំណើរចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសជំរុញនៅទីតាំងមួយចំនួនក្នុងខណ្ឌទួលគោក និងខណ្ឌកំបូល។

នៅតាមទីតាំងចាក់ដូសជំរុញ ដែលរៀបចំឡើងដោយក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ត្រូវបានគេមើលឃើញរៀបចំដំណើរការដោយល្អប្រសើរ ជាមួយការប្រតិបត្តិនូវវិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ បានយ៉ាងខ្ជាប់ខ្ជួន បើទោះបីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងចំនួនពីរដូសរួចហើយក្តី។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការចាក់ដូសជំរុញដោយកងទ័ព។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់សម្រាប់តែអ្នកដែលបានជាមួយកងទ័ពកាលពីដូសទី១ និងដូសទី២ ដោយមានគម្លាតពីដូសទី២ យ៉ាងតិចបំផុត៤ខែ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលបានចាក់ដូសទី១ និងដូសទី២ ជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល គឺកងទ័ពមិនទទួលចាក់នោះឡើយ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការដែលកងទ័ពមិនអាចចាក់ដូសជំរុញ សម្រាប់អ្នកចាក់ដូសទី១ និងដូសទី២ ដែលរៀបចំដោយក្រសួងសុខាភិបាលនេះ គឺដោយសារពាក់ព័ន្ធការងារបច្ចេកទេសមួយចំនួនលើការបញ្ចូលទិន្នន័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះ «អ្វីដែលកងទ័ពចាក់ដូសទី១, ទី២ គឺកងទ័ពបន្តចាក់អ្នកនោះដដែល។ និយាយរួមអ្នកដែលមានបណ្ណចាក់វ៉ាក់សាំងរបស់កងយោធពលខេមរភូមិន្ទ ចេញឱ្យ ឬមួយអ្នកខ្លះមិនទាន់បានបណ្ណហ្នឹង មានលិខិតទម្រង់ចាក់ហ្នឹងយើងនឹងចាក់ជូនគាត់។ ដោយឡែកអ្នកចាក់នៅខាងសុខាភិបាល ហើយមានបណ្ណពណ៌ខៀវនោះ គឺយើងសូមឱ្យគាត់ទៅចាក់នៅកន្លែងណា ទៅចាក់នៅកន្លែងនោះវិញ»

បើទោះបីយ៉ាងណាការចាក់ដូសទី៣ ឬដូសជំរុញ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយពួកគេអាចចាក់នៅទីតាំងដែលជិតកន្លែងរស់នៅ ពោលមិនចាំបាច់វិលទីចាក់ដល់ទីតាំងដែលខ្លួនបានចាក់កាលពីដូសទី១ និងដូសទី២នោះវិញ។ ឧទាហរណ៍បើដូសទី១ និងដូសទី២ គាត់ចាក់នៅខណ្ឌទួលគោក ហើយបច្ចុប្បន្នគាត់រស់នៅខណ្ឌកំបូល ដូច្នេះពួកគាត់អាចស្វែងរកទីតាំងដែលកំពុងចាក់នៅក្នុងខណ្ឌកំបូល ហើយចាក់នៅទីនោះតែម្តង។

បើទោះបីថា ប្រជាពលរដ្ឋភាគច្រើនសុទ្ធតែបានជ្រូតជ្រាបពីគុណសម្បត្តិ និងសារសំខាន់នៃវ៉ាក់សាំងក្នុងការការពារខ្លួនពីការវាយប្រហារជំងឺកូវីដ១៩យ៉ាងណាក្តី ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ នាយឧត្តមសេនីយ៍ បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា។

សម្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការចាក់វ៉ាក់សាំងដូសទី៣ នឹងបង្កើនកិច្ចការពារសុខភាពកាន់តែរឹងមាំថែមទៀត ពីជំងឺកូវីដ១៩។ កាន់តែពិសេសទៀតនោះ ការចាក់វ៉ាក់សាំងដូសជំរុញបានគ្រប់គ្នា នឹងធ្វើសង្គមកម្ពុជាមានភាពសុាំក្នុងសង្គមកាន់តែធំ ដែលអាចឱ្យរាជរដ្ឋាភិបាលពិចារណាបើកសកម្មភាពសេដ្ឋកិច្ច ការធ្វើអាជីវកម្ម និងសកម្មភាពក្នុងសង្គម បានកាន់តែទូលាយឡើងវិញ។

សូមបញ្ជាក់ថា កងទ័ពបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួ ន ៣,៥៧៨នាក់ មាន ១៥២ក្រុមពេទ្យ ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងដែរថា នៅថ្ងៃទី១១ ខែតុលា កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានជាង ៣ម៉ឺននាក់៕