(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញ លើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា៖ «ដើម្បីបង្ការ និងទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវ បង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់កូវីដ-១៩ ឲ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត ហើយកិច្ចការងារនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាលពីសប្តាហ៍មុននេះ។ ដូច្នេះសូមឲ្យអាជ្ញាធរខណ្ឌខណ្ឌទាំង១៤ ត្រូវអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់»

លោកជឿជាក់ថា បើអនុវត្តការងារនេះបានល្អប្រសើរ និងមានភាពម៉ឺងម៉ាត់នោះ វានឹងកាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រុមការងារពាក់ព័ន្ធ ក្រុមគ្រូពេទ្យគ្រប់ក្រុមទាំងអស់ ដែលកន្លងមក ត្រូវបានប្រជាពលរដ្ឋដាក់រហ័សនាមថាជាកងទ័ពអាវស បានយកចិត្តទុកដាក់ក្នុងការថែទាំ និងព្យាបាលប្រជាពលរដ្ឋបានល្អ និងក៏ដូចជា កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់ អស់កម្លាំងកាយចិត្ត បំពេញការងារ ទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩នេះ។

គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ច បង្ហាញប័ណ្ណចាក់វាក់សាំងកូវីដ-១៩ ឬប័ណ្ណចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វាំកំសាំង បង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ៕