(បាត់ដំបង)៖ បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឲ្យដឹងថា ការបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលកែច្នៃចំណីអាហារ មានចរិកលក្ខណៈប្រកួតប្រជែង ក្នុងគោលដៅបន្ត និងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ផ្នែកកែច្នៃចំណីអាហារប្រកបដោយគុណភាព សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព និងនវានុវត្តន៍ សំដៅជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ការលើកឡើងរបស់លោកបណ្ឌិតទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ ធ្វើឡើងក្នុងពិធី បើកសម្ពោធថ្នាក់បណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ Cambodia Business Incubation for Food Product Development (CBI-Food)” រៀបចំឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់យកផលិតផលចំណីអាហារជាទំនិញយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ តាមរយៈនេះ ផលិតផលទាំងអស់ ទាមទារចាំបាច់ត្រូវមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដូចនេះកម្មវីធីថ្នាលបណ្តុះអាជីវកម្មកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការជ្រោមជ្រែង និងលើកកម្ពស់សហគ្រិនវ័យក្មេងនៅកម្ពុជា ដើម្បីមានឱកាសក្នុងការបង្ហាញសមត្ថភាព ការបង្កើតគំនិតច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ ផលិតផលចំណីអាហារឲ្យមានគុណភាពខ្ពស់ និងនវានុវត្តន៍ស្របតាមស្តង់ដារកម្ពុជា និងអន្តរជាតិ។

បណ្ឌិតទេសរដ្ឋមន្ត្រីបន្ថែមថា ការដាក់ឱ្យដំណើរការកម្មវិធីនេះ ជាសកម្មភាពដែលមានលក្ខណៈស្រប និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជា យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣, គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥, សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២២-២០២៦, ផែនទីបង្ហាញផ្លូវវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ ដែលមានគោលដៅ បន្តនិងពង្រឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិន និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោក យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ថិតក្រោមគម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ បានផ្តល់ឱកាសអោយនិស្សិត បានបង្ហាញសមត្ថភាព ការបង្កើតគំនិតច្នៃប្រឌិតថ្មី ពិសេសការអភិវឌ្ឍផលិតផល ចំណីអាហារឱ្យមានគុណភាពខ្ពស់ និងនវានុវត្តន៍ស្របតាមស្តង់ដារកម្ពុជា។

លោកបានបន្តថា ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ Cambodia Business Incubation for Food Product Development (CBI-Food) ជាកម្មវិធីដ៏សំខាន់ក្នុងការកាត់បន្ថយភាពលំបាក របស់ប្រជាកសិករដែលពិបាកស្វែងរកទីផ្សារ ដោយកែច្នៃកសិផលទាំងនោះទៅជាចំណីហារក្រៀម ដំណាប់ផ្លែឈើ និងផលិតផលផ្សេងៗទៀតដែលអាចរក្សាបានយូ និងមានអនាម័យខ្ពស់ផងដែរ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា «សហគ្រាសធុនតូច និងមធ្យម ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកំពុងដំណើរការផលិតផលរបស់ខ្លួន នៅខ្វះចំណេះដឹងនៅឡើយ និងនៅពេលដែលផលិតមក មិនសូវមានការច្នៃប្រឌិតខ្ពស់ទេ ប៉ុន្តែមួយរយៈចុងក្រោយនេះខ្ញុំសង្កេតឃើញថា សហគ្រាសទាំងអស់នោះ បានខិតខំក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការផលិតផលដែលមានការច្នៃប្រឌិតខ្ពស់ ហើយក៏ឃើញមានសហគ្រិនជាស្រ្តី និងយុវជនបានងាកមកបង្កើតជាក្រុមហ៊ុនថ្មីៗជាច្រើន ដោយពួកគេបានខិតខំរកជំនួយ និងបច្ចេកទេសគ្រប់ទីកន្លែង តាមការសហការជាមួយក្រសួង មន្ទីរ សម្ព័ន្ធសមាគម និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាអោយការផលិតរបស់ពួកគេកាន់តែមានគុណភាព និងកាន់តែមានការគាំទ្រកាន់ច្រើនថែមទៀត»

លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានឲ្យដឹងថា កម្មវិធីថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ Cambodia Business Incubation for Food Product Development (CBI-Food)” មានគោលដៅលើកកម្ពស់ និងអភិវឌ្ឍផលិតកម្មកែច្នៃអាហារនៅកម្ពុជា បណ្តុះគំនិតអាជីវកម្មក្នងការផលិត និងការកែច្នៃអាហារ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីដែលបង្កបរិយាកាស ដល់ការចាប់ផ្តើមអាជីវកម្ម ដើម្បីឱ្យនិស្សិត ឬសហគ្រិនវ័យក្មេងទទួលបានការអភិវឌ្ឍសមត្ថភាព ជំនាញឯកទេសផ្នែកកែច្នៃអាហារ ប្រើប្រាស់ចំណេះជំនាញ បទពិសោធន៍មកបង្កើតសមិទ្ធផលថ្មីៗ ដើម្បីរួមចំណែកជំរុញសក្តានុពលផលិតផល និងផលិតកម្មក្នុងស្រុក ទទួលបានការហ្វឹកហ្វឺនពីគ្រូឧទ្ទេសផ្នែកច្ចេកទេសអាជីវកម្ម ទទួលបានការគាំទ្រផ្សេងៗទៀត ដើម្បីបង្កើតគំរូដើមផលិតផលជ្រៀតចូលក្នុងទីផ្សារ ជាពិសេសមានឱកាសក្លាយជាសហគ្រិនជោគជ័យនាថ្ងៃអនាគត។

លោក ឈា ឡាយហ៊ី បានបន្ថែមថា ក្នុងកម្មវិធីប្រកួតប្រជែងនេះ មានសមាសភាពចូលរួមពីក្រុមនិស្សិតចំនួន១២ក្រុម មកពីសកលវិទ្យាល័យចំនួន២ គឺសកលវិទ្យាល័យជាតិបាត់ដំបង និងសកលវិទ្យាល័យជាតិមានជ័យ ដោយផ្តល់ឱកាសឲ្យក្រុមនិស្សិត បានចូលរួមប្រកួតប្រជែង ដើម្បីទទួលបានជ័យលាភី ក្នុងនោះ សម្រាប់លេខ១ ទទួលបានប្រាក់រង្វាន់១៤លានរៀល លេខ២ទទួលបានប្រាក់រង្វាន់ចំនួន១០លានរៀល និងលេខ៣ទទួលបានប្រាក់រង្វាន់ចំនួន ៦លានរៀល។

ប្រធានបទដែលក្រុមទាំង១២ ធ្វើការប្រកួតប្រជែង គឺសុទ្ធតែជាមុខផលិតផលចំណីអាហារច្នៃប្រឌិតថ្មីរួមមាន៖ ការកែច្នៃផលិតផលចេញពីសណ្តែកសៀង (ឧស្សាហកម្មគ្មានសំណល់), ការកែច្នៃភេសជ្ជៈសុខភាពតែព្នៅស្លឹកគ្រៃ, ការកែច្នៃភេសជ្ជៈផ្លែមៀនលាយប្រទាល់កន្ទុយក្រពើ, ការកែច្នៃសម្លប្រហើរសម្ងួត (ទឹកសម្លនំបញ្ចុក), ការកែច្នៃដំណាប់មៀន ឬតាង៉ែន, ការកែច្នៃគុយទាវដំឡូងមី, ការកែច្នៃដំណាប់ក្រូចឆ្មារ, ការកែច្នៃម្សៅបន្លែបៃតង, ការកែច្នៃតែវីតាមីន, ការកែច្នៃកាហ្វេម្សៅចេកបាត់ដំបង, ការកែច្នៃម្សៅខ្ជាយ ម្សៅខ្ញី ម្សៅរមៀតសុខភាព និងការកែច្នៃផលិតផលទឹកមៀន។

គួរបញ្ជាក់ថា កម្មវិធីថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ Cambodia Business Incubation for Food Product Development (CBI-Food)” ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ស្តីពីការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិង មធ្យម ព្រមទាំងមានកិច្ចសហការគាំទ្រជាមួយ សកលវិទ្យាល័យជាតិបាត់ដំបង សកលវិទ្យាល័យជាតិមានជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមមូលនិធិសម្តេចតេជោ៕