Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ទីរកសិកម្ម រៀបចំផែនការជួយរកទីផ្សារឱ្យប្រជាកសិករ ក្រោយដាំដុះបានផល

12-10-2021 12:34

(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្មខេត្ត ឲ្យរៀបចំផែនការដើម្បីជួយរកទីផ្សារកសិផល ដល់ប្រជាកសិករ ដែលពួកគាត់កំពុងប្រឈមលើបញ្ហានេះ។

អភិបាលខេត្តបានបញ្ជាក់ថា បញ្ហាកសិផលខ្វះទីផ្សារនេះ បានកើតឡើងលើប្រជាកសិករ មិនត្រឹមតែក្នុងខេត្តកំពង់ចាមនោះទេ គឺបណ្ដារខេត្តផ្សេងៗ ក៏ជួបប្រទះបញ្ហានេះដែរ ពោលគឺក្រោយពេលពួកគាត់ដាំដុះបានផលហើយ គ្មានទីផ្សារ ធ្វើឲ្យពួកគាត់សម្រេចចិត្តលក់ក្នុងតម្លៃថោក ខាតបង់ និងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ជាលំដាប់ផងដែរ។

ជុំវិញបញ្ហានេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីនៃអង្គភាពមន្ទីរកសិកម្ម ធ្វើការសិក្សា ពិនិត្យលទ្ធភាព ដើម្បីបង្កើតសហគមន៍ ជួយទិញកសិផលរបស់ប្រជាកសិករយើង ដោយសិក្សាលើប្រភេទដំណាំ៣ខែម្តង ថាតើកសិករយើងប្រមូលផលអ្វី ដូច្នេះមន្ទីរជំនាញត្រូវចងក្រងជាសហគមន៍ដោយមានការសហការជាមួយអាជ្ញាធរឃុំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីជួយទិញកសិផល របស់ពួក គាត់ និងទំនាក់ទំនងធ្វើការនាំចេញ នូវទំនិញទាំងនោះទៅទីផ្សារក្រៅប្រទេស។

ជាមួយគ្នានេះលោកអភិបាលខេត្តបានប្រាប់ទៅមន្ទីរជំនាញ ត្រូវចុះណែនាំដល់ប្រជាកសិកររបស់យើង ឲ្យពួកគាត់ចេះដាំដុះដំណាំណា ដែលសមស្របតាមតម្រូវការទីផ្សារផងដែរ៕