(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈដឹកនាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ១៩ នេះ ដោយអនុវត្តតាមអភិក្រម «៣ការពារ និង៣កុំ» និងចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា។

ការណែនាំបែបនេះ របស់លោក ស សុខា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាគណៈអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ របស់សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ Zoom នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ ក្នុងនាមលោកបណ្ឌិតសភារដ្ឋមន្ត្រី លោក ស សុខា សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ មាតាបិតា អាណាព្យាបាល និងនិស្សិតទាំងអស់ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្ដល់នូវការបង្រៀន និងរៀន បានយ៉ាងល្អប្រសើរ ក្នុងអំឡុងបរិការណ៍ នៃជំងឺកូវីដ-១៩ ។

ក្នុងនោះដែរក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់ទៅលើទី១៖ ការការពារសុខភាព សុវត្ថិភាព របស់សិស្ស-និស្សិត និងទី២៖ ការបន្តការសិក្សាឡើងវិញ របស់សិស្ស-និស្សិត។

លោក ស សុខា បានគូសបញ្ជាក់ថា៖ «យើងដឹងហើយថា ការបិទសាលារៀនមានផលប៉ះពាល់ដល់ការសិក្សារៀនសូត្រ ក៏អាចប៉ះពាល់ទៅដល់អនាគត របស់យុវជនយើងដែរ ដោយសារយើងមិនអាចដឹងថាជំងឺកូវីដ១៩ វាផុតរលុតនៅពេលណា? ដូច្នេះយើងត្រូវតែត្រៀមរៀបចំការពារសុខភាព សុវត្ថិភាពរបស់សិស្ស-និស្សិត តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ អោយមានប្រសិទ្ធភាព»

ឆ្លើយតបទៅនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្ដោតទៅលើទី១៖ ការអនុវត្តវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្ស-និស្សិត, ទី២៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន, ទី៣៖ ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្ដល់សេវារៀនសូត្រពីចម្ងាយ, ទី៤៖ ការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងទី៥៖ ការអនុវត្តសេចក្ដីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន។

បន្ថែមពីនេះ លោក ស សុខា ក៏បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសិក្សា ព្រមទាំងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដូចខាងក្រោម៖

*ទី១៖ សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ១៩ នេះ ដោយអនុវត្តតាមអភិក្រម «៣ការពារ និង៣កុំ» និងចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា។

*ទី២៖ ត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» និងបន្តជំរុញ «ការអប់រំឌីជីថល» ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។

*ទី៣៖ ត្រូវផ្ដោតលើការអនុវត្តវិធីសាស្រ្ដបង្រៀនតាមបែបរិះរក និងអនុវត្តវិធីសាស្រ្ដបង្រៀនថ្មីៗ ក្នុងសតវត្សរ៍ទី២១ ដែលជាវិធីសាស្រ្ដតាមបែបចម្រុះ ដោយសិស្ស-និស្សិត ត្រូវអនុវត្តក្នុងថ្នាក់ និងធ្វើស្វ័យសិក្សា ផ្ដោតទៅលើការអប់រំវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគ្គសម័យថ្មី។

*ទី៤៖ ត្រូវបន្តលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្រៀន ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើបដោយត្រូវកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នៅតាមបន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្រ្ដាចារ្យ ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែង។

និងទី៥៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារកិច្ចក្នុងការដឹកនាំ គ្រប់គ្រង ដើម្បីឱ្យការសិក្សារបស់និស្សិត ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ និងសមិទ្ធផលដទៃទៀតសម្រាប់ការប្រើប្រាស់បានយូរអង្វែង៕