(ភ្នំពេញ)៖ លោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តជួយកម្ពុជាក្នុងវិស័យធនធានទឹក ដើម្បីរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជំរុញកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខជានិច្ច។

លោកស្រីបានសង្កត់ធ្ងន់ថា ការបន្តជួយសម្រាប់វិស័យធនធានទឹក ដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB ដែលកិច្ចការនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសន្តិសុខទឹក ការធ្វើឲ្យប្រសើរប្រសិទ្ធភាពផ្នែកធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម ដែលផ្នែកទាំងនេះ បានកំណត់ក្នុងយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ។

ការលើកឡើងរបស់ប្រធានស្ថានតំណាង ADB ធ្វើឡើងក្នុងជំនួបជាមួយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីជួបពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកស្រីនឹងបញ្ចប់អាណត្តិការងារនាពេលខាងមុខ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ ADB ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា រហូតមកដល់ពេលនេះ។ សម្រាប់វិស័យធនធានទឹក និងឧតុនិយម ADB បានរួមចំណែកជួយលើការពង្រឹង និងអភិវឌ្ឍស្ថាប័ន ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តិ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹក ដូចជាផ្នែកធារាសាស្រ្តជាដើម។

លោកសង្ឃឹមថា ADB នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍ លើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ហើយក្រសួងធនធានទឹក និងឧតុនិយម ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕