(កំពត)៖ ប្រុសស្រី២នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយ​ រថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបុកម៉ូតូ នៅម៉ោង៩យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នលើកំណាត់ ផ្លូវជាតិលេខ៣ក្នុងភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

នគរបាលស្រុកឈូក បានប្រាប់អង្គភាព Fresh Newsថា នៅមុនកើតហេតុមាន រថយន្តមិនស្គាល់ម៉ាក១គ្រឿង បានបើកបុកម៉ូតូមួយគ្រឿង ដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា នៅលើផ្លូវជាតិលេខ៣ គឺចេញពីស៊ីការបងប្អូន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាតធ្ងន់ ក្រោយបុករួចអ្នកបើករថយន្តបង្ក មិនបានឈប់ទេ គឺបើករត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល ដោយបន្សល់ទុកតែជនរងគ្រោះ ដែលស្លាប់ទាំង២តែប៉ុណ្ណោះ។

នគរបាលដដែលបានបញ្ជាក់ថា អ្នកស្លាប់ ឈ្មោះ ច្រេស រឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដំរីកូន ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត។ រីឯអ្នកជិះពីក្រោយ ឈ្មោះកែវ ស្រី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា ហើយសពទាំង២ត្រូវបានសមត្ថកិច្ចប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕