(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើង ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅសាលាខេត្តកំពងស្ពឺ ក្រោមអធិបតី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ: កម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

អភិបាលខេត្តកំពងស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ការអនុវត្តផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនក្រុមគោលដៅដែលមាន អាយុចាប់ពី០៦ឆ្នាំឡើង មានចំនួន៨០០,១៧២នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ ចំនួន៧១១,៨៩៦នាក់ ស្មើនឹង ៨៨,៩៧ភាគរយ រួមមានដូចខាងក្រោម៖

*ប្រជាជនអាយុពី១៨ឡើង ដែលត្រូវចាក់វ៉ាក់សាំងមានចំនួន ៥៨៧,៥៣៦នាក់ក្នុងនោះ ប្រជាពលរដ្ឋដែលបានចាក់ក្រៅខេត្ត មានចំនួន២៩,៤៧១នាក់ កម្មករនិយោជិតដែលបានចាក់ក្រៅខេត្ត មានចំនួន៣៥,៤៨០នាក់។ ប្រជាពលរដ្ឋដែលមិនបានចាក់ដោយសារបញ្ហាសុខភាពរ៉ាំរ៉ៃ មានផ្ទៃពោះ, សម្រាលកូនរួចអ្នកធ្លាប់មានវិជ្ជមានកូវីដ-១៩, អ្នកមិនហ៊ានចាក់, មិនមកចាក់ និងចាស់ជរា មានចំនួន២៥,៩៤៤នាក់។

*ប្រជាពលរដ្ឋចំណាកស្រុកមាន ចំនួន២១,២៤៩នាក់ដូចនេះសរុបចំនួនប្រជាពលរដ្ឋ ១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំង មានចំនួន៥៤០,៣៤៣នាក់ បានចាក់ដូងទី១ហើយបានចំនួន ៥៣៨,៣៨៦នាក់ ស្មើនឹង៩៩,៦៤ភាគរយ និងដូសទី២ បានចំនួន៤៥៥,០៧៨នាក់ ស្មើនឹង ៨៤,៥៣ភាគរយ។

*កុមារ និងយុវវ័យពី១២ ដល់ក្រោម១៨ឆ្នាំ ចំនួន១១៥,១៨៧នាក់ បានចាក់ដូសទី១ហើយបានចំនួន ៨២,០៣២នាក់ ស្មើនឹង ៧១,២២ភាគរយ និងដូសទី២បាន ចំនួន៧៧,៩៦០នាក់ ស្មើនឹង ៦៧,៦៨ភាគរយ។

*កុមារពី០៦ ដល់ក្រោម១២ឆ្នាំ បានចំនួន៩៧.៤៤៩នាក់ បានចាក់ដូសទី១ ចំនួន៩១,៤៧៨នាក់ ស្មើនឹង៩៣,៨៧ភាគរយ និងដូសទី២ បានចំនួន៦,៣១២នាក់ ស្មើនឹង០,៨ភាគរយ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ១៩ មិនអាចប្រព្រឹត្តទៅដោយរលូនបានទេ ប្រសិនណាបើមិនមាន វត្តមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេច ក្នុងការស្វែងរកវ៉ាក់សាំងមកផ្ដល់ជូន និងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានជំរុញដល់អាជ្ញាធរខេត្តកំពង់ស្ពឺ សូមឲ្យបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍បន្ថែមទៀត ដើម្បីបញ្ជ្រាបព័ត៌មាននេះ ឲ្យប្រជាពលរដ្ឋបានយល់ដឹងទូលំទូលាយ ដើម្បីពួកគាត់បានកែប្រែឥរិយាបថ ងាកមកចូលរួមទាំងអស់គ្នា អនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ។

សូមជម្រាបថា ជាមួយនឹងការបិទបញ្ចប់យុទ្ធនាការនេះ ខេត្តកំពង់ស្ពឺ ក៏បន្ដដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលនៅសេសសល់ ចំនួន២០ទីតាំងជាអចិន្ដ្រៃយ៍ នៅទូទាំងខេត្ត។ នេះបើការគូសបញ្ជាុក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ៕