(ភ្នំពេញ)៖ ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ចំនួន៦០នាក់ ចុះអប់រំណែនាំអំពីសុវត្ថិភាពចរាចរណ៍ ដល់អ្នកបើកបររថយន្តក្រុង តាក់ស៊ី ម៉ូតូឌុប និងអ្នកដំណើរ នៅតាមចំណតរថយន្តក្រុង និងតាក់ស៊ីក្នុងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ព្រមទាំងសហការី បានចែកខិត្តបណ្ណអប់រំ ស្តីពីច្បាប់ចរាចរណ៍ មាត្រាសំខាន់ៗ ការពិន័យ ល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង និងសញ្ញាចរាចរណ៍ចំនួនជាង ៥០០០ សន្លឹក។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីព្រពៃណីជាតិ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា សូមអំពាវនាវដល់ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសកំណត់ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តមុនពេលធ្វើដំណើរ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើក្នុងរថយន្ត ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត គោរពសិទ្ធិអាទិភាពក្នុងការបើកបរ ចេះយោគយល់អធ្យាស្រ័យ ក្នុងធ្វើដំណើរ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ៕