(ភ្នំពេញ)៖ យោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ កងយោធពលខេមរភូមិន្ទ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតដោយឥតគិតថ្លៃ។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា «ដើម្បីចូលរួមក្នុងយុទ្ធនាការដែលជាផលប្រយោជន៍របស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសនេះ ក្រសួងស្នើម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ»

ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕