(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាល សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមចាប់មេក្លោង និងបក្ខពួកសរុប៨នាក់ ក្នុងនោះមានទាំងអតីតអភិបាល រងស្រុកព្រៃនប់ អតីតមេឃុំបិតត្រាំង ដែលជាប់ពាក់ព័ន្ធការកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់ជាច្រើនករណីនៅមូលដ្ឋានខេត្តព្រះសីហនុ។

តាមសេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមមេក្លោង និងបក្ខពួករំលោភដីធ្លីដោយខុសច្បាប់ទាំងនេះ តែងតែមានក្រុមមេខ្យល់ និងក្រុមរៀបចំឯកសារក្លែងក្លាយ ភូតកុហកថ្នាក់ដឹកនាំ ដើម្បីទន្ទ្រានយកដីកម្មសិទ្ធិ និងដីរដ្ឋជាច្រើនទីតាំងនៅខេត្តព្រះសីហនុ។

ជនសង្ស័យទាំងនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ និងឧត្តមសេនីយ៍ឯក យឹម លាង ជាអនុប្រធាន ព្រមទាំងសមាជិកក្រុម ដោយបានសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅខេត្តព្រះសីហនុ។

ជាលទ្ធផល បន្ទាប់ពីបើកការស៊ើបអង្កេត ទើបកម្លាំងបានឈានទៅចាប់ខ្លួនជនសង្ស័យចំនួន០៨នាក់ ហើយត្រូវបានតុលាកាចោទពីបទការទន្ទ្រាន កាប់ឆ្ការ កាន់កាប់ហ៊ុព័ទ្ធ ឈូសឆាយដីរបស់រដ្ឋដោយខុសច្បាប់ជាច្រើនករណី ក្នុងនោះមានទាំងបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទផ្តល់សេចក្តីប្រកាសក្លែងភូតភរកុហកផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ណុប ភាន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតអភិបាលរងស្រុកព្រៃនប់) ដើរតួជាម្ចាស់ដី ក្លែងស្នាមមេដៃ

*ទី២៖ ឈ្មោះ រស់ ប៊ីថុល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី ជាអ្នកមានលុយតួនាទី អ្នករត់ការ ឯកសារក្លែង ទៅគ្រប់មន្ទីរក្រសួង

*ទី៣៖ ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី អ្នកក្លែងឯកសារ និងមេចលនាកៀងគរប្រជាពលរដ្ឋឱ្យទៅចាប់ដី រួចខ្លួនការពារពីក្រោយ

*ទី៤៖ ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ៣៥ឆ្នាំ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត ជាអតីតមេឃុំបិតត្រាំង ជំនាញក្លែងឯកសា គ្រប់ទម្រង់ឯកសារលើលិខិតទិញ-លក់ និងលើលិខិតបញ្ជាក់ផ្សេងៗទៀត

*ទី៥៖ ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តសៀមរាប មុខរបររកស៊ីដី តួនាទីអ្នករត់ការឯកសារក្លែង

*ទី៦៖ ឈ្មោះកែវ វាសនា (ឈ្មោះក្លែងក្លាយ) ឈ្មោះ ប្រើពិតឈ្មោះ មូល សុខខឿន ជាអ្នកសារព័ត៌មានព្រះអាទិត្យ

*ទី៧៖ ឈ្មោះ ផេង សុផល ជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈ លួចលក់អចលនទ្រព្យ ដីកម្មសិទ្ធិស្រប់ច្បាប់អ្នកដទៃ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

*ទី៨៖ ឈ្មោះ ឌួង ស៊ីបុណ្ណថុល ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទល្មើស គំរាមកំហែង សម្លាប់ ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ក្លែងឯកសារ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ញុះញ៉ង់ជាអាទិ៍ និងបង្កចលាចលដីធ្លីធ្វើឲ្យវឹកវរដល់អាជ្ញារធខេត្ត។

ជាការកត់សម្គាល់ ការចាប់ខ្លួននេះជាការព្រមានចំពោះបុគ្គលទាំងឡាយណាដែលមានអំណាច ហើយនៅពីក្រោយជនខិលខូច ដើរចាប់ទន្ទ្រានកាន់កាប់យកដី មិនថាដីរដ្ឋ ឬដីឯកជនស្របច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ដី ពិតប្រាកដរងទុក្ខ ហើយសម្រាប់ជនទាំងនេះ នឹងត្រូវចាត់វិធានការទៅតាមច្បាប់យ៉ាងម៉ឺងម៉ាត់ មិនមានការលើកលែងឲ្យនោះឡើយ។

តាមសេចក្តីរាយការណ៍ ជនសង្ស័យទាំងនេះ មានជំនាញធ្វើឯកសារក្លែងផ្សេងៗត្រឡប់ថ្ងៃ ខែ ឆ្នាំថយក្រោយ ដើម្បីក្លែងបន្លំថា ខ្លួនមានដី និងបានកាន់កាប់ដីជាយូរឆ្នាំមកហើយ ទើបធ្វើឲ្យមានជម្លោះដីធ្លីកើតមានឡើងជាច្រើនករណី នៅខេត្តព្រះសីហនុ៕