(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

គ.ជ.ប បានបន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅធានាឱ្យបានបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព រួមមាន៖

*ទី១៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់។

ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះរៀងរាល់ ១៥ថ្ងៃម្តង ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះពិភាក្សាលើការងារអនុវត្តកន្លងមក និងរៀបចំការងារដែលត្រូវធ្វើបន្តទៅទៀត។ តាមប្រតិទិនការងារការបិទការិយាល័យនេះ ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

*ទី២៖ នីតិវិធីសម្រាប់ការចុះឈ្មោះ

-ក. ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គឺកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅទាំងអស់ អាចសុំចុះឈ្មោះបោះឆ្នោតបាន។

-ខ. ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតនៅក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មាះត្រូវគ្នា នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ ដែលស្នើសុំចុះឈ្មោះ។

*ការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ-សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សីម្នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។

*ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ឬចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្ត-សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ០២សន្លឹក និងសាក្សី០២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយគ្នា (សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ-សង្កាត់)។

-គ. បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោតនឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះឆ្នោតរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។

*ទី៣៖ ការបញ្ជូនទិន្នន័យ

ជារៀងរាល់ថ្ងៃក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីឱ្យនាយកដ្ឋានត្រួត-ពិនិត្យការងារជាប្រចាំ។

សូមបញ្ជាក់ថា កាលពីមិនទាន់ប្រើប្រព័ន្ធ Internet ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនឯកសារចុះឈ្មោះទាំងអស់មកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៅពេលបានបញ្ចប់ការងារនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយការត្រួតពិនិត្យនៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យ ក៏ត្រូវធ្វើក្រោយពីបានទទួលបញ្ជីទាំងអស់នោះដែរ។

*និងទី៤៖ លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត

ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោតបាន ចំនួន៧,៩១៦,៧៤៥នាក់ ត្រូវជា៨៩,៦៤%។ ការចែកលិខិតអញ្ជើញត្រូវបានបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះហើយតែប្រជាពលរដ្ឋដែលមិនទាន់បានទទួលលិខិតអញ្ជើញ អាចទៅស្នើសុំនៅសាលាឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ-សង្កាត់នានា៕