(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំជួរថ្នាក់ដឹកនាំសមាជិក សមាជិកាគណៈបក្សពាក់ព័ន្ធចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកា របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារយុវជនគណបក្សស្រុក និងជូនថវិកាសាងសង់ស្នាក់ការយុវជនគណបក្សស្រុកបន្ទាយមាស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយមាស។

ក្នុងឱកាសនោះលោក ជាវ តាយ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដល់ជួរថ្នាក់ដឹកនាំសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបន្ទាយមាស។

បន្ថែមពីនេះទៀត លោក ជាវ តាយ បានក្រើនរំឮក និងណែនាំឱ្យយុវជនគណបក្សពាក់ព័ន្ធទាំងអស់ បន្តខិតខំពង្រីកសមាជិក និងជម្រុញការអភិវឌ្ឍន៍ សំដៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាពិសេសត្រូវខិតខំជម្រុញការអភិវឌ្ឍន៍មូលដ្ឋាន ទំនាក់ទំនងឱ្យបានល្អជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ បន្តការកសាងកម្លាំងយុវជនគណបក្សឱ្យបានច្រើន ដើម្បីចូលរួមចំណែកជួយសង្គមជាតិកម្ពុជា យើងឱ្យបានកាន់តែរីកចំរើនបន្ថែមទៀត។

លោក ជា វតាយ បានកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនទាំងអស់ ដែលកន្លងមកបានជួយ ដោះស្រាយការទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។

លោក ជាវ តាយ ក៏បានណែនាំដល់ក្រុមការងារយុវជនគណបក្សទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តបន្ថែមទៀត ដើម្បីសម្រេចឲ្យបានតាមគោលដៅរបស់គណបក្សប្រជាជន។ ជាពិសេសថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារយុវជនគណបក្សទាំងអស់ ត្រូវគោរពនិងអនុវត្តតាមគោលការណ៍បក្ស គោលនយោបាយផ្សេងៗ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញ និងត្រូវចូលរួមសហការជាមួយថ្នាក់ដឹកនាំគណបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានឱ្យបានល្អផងដែរ ដើម្បីស្វែងយល់ពីទុក្ខលំបាកតម្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវជំរុញការបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យមានជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ។

សូមរំឮកថា អំណោយ និងថវិកា របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈលោក ជាវ តាយ ដើម្បីផ្តល់ជូននាឱកាសនោះ រួមមាន៖ថវិកា ចំនួន៣ម៉ឺនដុល្លារ សម្រាប់កសាងស្នាក់ការយុវជនគណបក្សស្រុកបន្ទាយមាស និងជូនថវិកា សរុបចំនួន ៦លានរៀលបន្ថែមទៀត ដើម្បីឧបត្ថម្ភជូនដល់សមាជិកក្រុមការងារយុវជនគណបក្ស ស្រុកបន្ទាយមាស ប្រមាណ៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ៕