(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ បានរកឃើញកីឡាករជើងខ្លាំង ១០នាក់ហើយ ដែលឆ្លងផុតវគ្គជម្រុះជុំទី៣ (វគ្គ១/១៦) ផ្ដាច់ព្រ័ត្រហើយ បើគិតត្រឹមការប្រកួតនាព្រឹកថ្ងៃទី០៦ ខែមេសានេះ គ្រាដែលស្ដេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ២ជំនាន់ ឈាវ បូរ៉ា នឹងត្រូវធ្វើការប្រកួតល្ងាចនេះ ដើម្បីប្រជែងយកកៅអីជុំទី៤ ឬវគ្គ ១/៨ ផ្ដាច់ព្រ័ត្រ។
សម្រាប់លទ្ធផល ១០ប្រកួតព្រឹកថ្ងៃពុធ ទី០៦ មេសានេះបានរកឃើញបេក្ខជនឡើងទៅវគ្គ ១/៨ ផ្ដាច់ព្រ័ត្ររួមមាន កីឡាករ ស៊ឹង រដ្ឋា យកឈ្នះកីឡាករ គាត សមបណ្ដូល, កីឡាករ រៀម វាសនា យកឈ្នះ សុខ លីមហេង, កីឡាករ ហូយ សុខណា យកឈ្នះ ណៃ គឹមឈាង, កីឡាករ គឹម នេត្រា យកឈ្នះ សេង ជា, កីឡាករ នូ ច័ន្ធផានិត បានយកឈ្នះ មុជ សោភ័ណ្ឌ ដែលជាកីឡាករទម្លាក់ស្ដេចអុករងឆ្នាំ២០១៤ គ្រួច ចន្ថារិទ្ធ កាលពីម្សិលមិញ។
រីឯកីឡាករ សៅ ប៉ិចសុភា យកឈ្នះ កាក់ ឡង់ឌី, កីឡាករ វ៉ាន់ សុខា យកឈ្នះ កង់ ស៊ីថន, កីឡាករ នួន បុត្រ យកឈ្នះ ប៊ិន គាសេង, កីឡាករ សេង សុធា បានយកឈ្នះ ហែម ម៉ុតធី ដែលជាកីឡាករទម្លាក់ស្ដេចអុករងឆ្នាំ២០១៥ សុខ ភារ៉ា ត្រឹមជុំទី២ កាលពីម្សិលមិញ និងអតីតស្ដេចអុកឆ្នាំ២០១០ កីឡាករ ឆយ វីរ៉ា យកឈ្នះកីឡាករ អ៊ុយ សារ៉ង។
ដោយឡែកនៅល្ងាចនេះនឹងមាន ៦ប្រកួតផ្សេងទៀត ដើម្បីដណ្ដើមកៅអីជុំទី៤បន្ដ ដែលក្នុងនោះ ក៏មានវត្តមានស្ដេចអុក ២ជំនាន់ ឈាវ បូរ៉ា ត្រូវធ្វើការប្រកួតផងដែរ ដោយគេត្រូវជួបជាមួយកីឡាករ តាំង ហេង។ ចំណែក ៥គូទៀត រួមមានកីឡាករ សែម សីហ៍រ៉ាស៊ី ជួប ហេង សៅឌី, កីឡាករ សេក សោភ័ណ្ឌ ជួប ទី សារ៉ាសែន, កីឡាករ រស់ រិទ្ធយ៉ា ជួប សែន ផល្លី, លី យ៉ារ៉ាត់ ជួប ធឹម ឌីណា និងកីឡាករ ម៉េង សេរីសម្បត្តិ ជួបកីឡាករ រ៉ុង សំអុល។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ការប្រកួត ៦គូល្ងាចនេះ គណៈកម្មការនឹងទទួលបានបេក្ខជន ១៦នាក់ ដើម្បីធ្វើការប្រកួតជម្រុះយក ៨នាក់ចុងក្រោយ សម្រាប់ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០១៦ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលខាងមុខ។ ការប្រកួតវគ្គ១/៨ផ្ដាច់ព្រ័ត្រ ឬវគ្គ១៦នាក់ចុងក្រោយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ៕