(ត្បូងឃ្មុំ)៖ រយៈពេល២ថ្ងៃ (៩-១០ ខែតុលា ឆ្នាំ២០២១) លោក ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ បានចុះធ្វើបទបង្ហាញជំរុញណែនាំពីនីតិវិធីនៃការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៃការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ឃុំ ក្នុងក្របខណ្ឌស្រុកចំនួន ៣ រួមមាន ស្រុកតំបែរ ស្រុកអូររាំងឪ និងស្រុកពញាក្រែក ដែលធ្វើឡើងនៅស្នាក់ការគណបក្សស្រុកនីមួយៗ។

លោក នាថ រ៉ាវុធ ប្រធានគណបក្សស្រុកតំបែរ លោក ងួន ប៊ុណ្ណាន ប្រធានគណបក្សស្រុកអូររាំងឪ និងលោក លី សុភាលីន ប្រធានគណបក្សស្រុកពញាក្រែក ក៏បានជម្រាបជូននូវរបាយការណ៍ដូចៗគ្នាពាក់ព័ន្ធសភាពការណ៍ទូទៅ និងវឌ្ឍនភាព ចំពោះដំណើរការ លើការរៀបចំយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងមូលដ្ឋានស្រុក។

ក្នុងឱកាសនោះ លោក ចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងធ្វើបទបង្ហាញពីច្បាប់ និងបទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះ និងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

អ្នកតំណាងរាស្ត្ររូបនេះបានបន្តថា ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សទាំងអស់ ត្រូវមានក្រមសីលធម៌ត្រឹមត្រូវ ក្នុងការអនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការចាត់តាំងអនុវត្តការងារបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោក ចាយ បូរិន ក៏បានសំណូមពរដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចជា អ្នកទើបតែផ្លាស់ប្តូរទីលំនៅ អ្នកទើបត្រឡប់ពីចំណាកស្រុក អ្នកគ្មានអត្តសញ្ញាណប័ណ្ណ អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ដោយឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៥០ថ្ងៃប៉ុណ្ណោះ ដូច្នេះគ្រប់អ្នកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យក្នុងរយៈពេលចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប៕