(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រាប់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់និងត្រូវដាក់ មន្រ្តីពេទ្យប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរ ឬឧប្បត្តិហេតុផ្សេងៗក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរយៈពេល ៤ថ្ងៃ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងលិខិតផ្ញើទៅកាន់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត កាលពីចុងខែមីនា ឆ្នាំ២០១៦ ដែល Fresh News ទើបទទួលបាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងសុខាភិបាល បានរំលឹកថា នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ស្ថានភាពចរាចរណ៍តាមផ្លូវជាតិ នឹងមមាញឹក ដែលអាចនឹងមានគ្រោះថ្នាក់ចរាចរជាយថាហេតុលើអ្នកធ្វើដំណើរតាមដងវិថី។
ដើម្បីធានាដល់ការសង្រ្គោះបន្ទាន់ ក្រសួងសុខាភិបាល បានប្រាប់ប្រធានមន្ទីរសុខាភិបាលរាជ-ធានីខេត្ត ឲ្យត្រៀមប្រព័ន្ធសង្រ្គោះបន្ទាន់ មានដូចជា រថយន្តគិលានសង្រ្គោះ មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដងផ្លូវជាតិ ហើយត្រូវរៀបចំមន្រ្តីឲ្យយាមប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដោយសារហការឲ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីនគរបាល និង ក្រុមការងារអន្តរាគមន៍នានា។
នៅក្នុងលិខិតនេះ ក្រសូង ក៏បានប្រាប់ផងដែរ ប្រសិនបើមានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ បានបញ្ជូនមកមន្ទីរពេទ្យ ហើយជនរងគ្រោះបានស្លាប់ ត្រូវរាយការណ៍ទៅនាយកដ្ឋានការពារសុខភាព៕