(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មការជួយសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពទឹកតាមបណ្តោយដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ។ ហេតុដូចនេះហើយបានជា នាយឧត្តមសេនីយ៍ ក្នុងនាមគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយស្ទឹងព្រែកត្នោត នៅទំនប់៧មករា ក្នុងភូមិកំពង់ទួល, សង្កាត់សាក់សំពៅ និងស្ពានព្រែកជ្រៃ ត្រៀមលក្ខណៈទុកជាមុន ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និង សម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្នុងការចុះពិនិត្យស្ថានភាពទឹកតាមបណ្តោយស្ទឹងព្រែកត្នោតនេះ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស៩១១ និងឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានអញ្ជើញអមដំណើរនាយឧត្តមសេនីយ៍ ម៉ឹង សំផន ផងដែរ៕