(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងយុវជន និងនិស្សិតមួយចំនួន ដែលទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយចំពោះរឿងអាស្រូវស្នេហា បានទទូចឱ្យរដ្ឋសភា ពិនិត្យលទ្ធភាពក្នុងការស៊ើបអង្កេតលើករណី លោក កឹម សុខា ដែលត្រូវបានលាតត្រដាង តាមរយៈសំឡេងខ្សែអាត់កន្លងមក។
ប្រតិកម្មរបស់ លោក ស្រី ចំរើន បានធ្វើឡើង បន្ទាប់ពីរដ្ឋសភា បានសរសេរលិខិតមកកាន់លោក ដោយបញ្ជាក់ថា សំណើរបស់រដ្ឋសភា ដែលស្នើឱ្យលោក កឹម សុខា បកស្រាយតាមញត្តិរបស់ក្រុមយុវជន និងនិស្សិត ២លើកកន្លងមក មិនទទួលបានប្រតិកម្ម ឬការឆ្លើយតបណាមួយពី លោក កឹម សុខា នោះទេ។
ថ្លែងប្រាប់ Fresh News នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ លោក ស្រី ចំរើន បានលើកឡើងថា «ខ្ញុំពិតជាមានការសោកស្តាយចំពោះ ឯកឧត្តម កឹម សុខា ដែលក្នុងនាមរូបលោកជា សមាជិក សភា និងជាតំណាងរាស្រ្តមួយរូប បែរជាមិនឆ្លើយតបចំពោះសំណើរបស់រដ្ឋសភា ដែលបានធ្វើការស្នើសុំបំភ្លឺចំនួនពីរលើក រួចមកហើយខ្ញុំយល់ថា ឯកឧត្តម កឹម សុខា កំពុងបំពានរដ្ឋធម្មនុញ បំពានលក្ខន្តិកតំណាងរាស្រ្ត មិនឲ្យតម្លៃ និងមើលងាយចំពោះសំណើរបស់រដ្ឋសភា»។
លោក ស្រី ចំរើន បានចាត់ទុកថា លោក កឹម សុខា កំពុងគេចវេស និងមិនការទទួលខុសត្រូវនៃតួនាទីរបស់ខ្លួន ហើយជឿថា សំឡេងនោះជាសំឡេងរបស់លោក កឹម សុខា តែម្តង ដោយសារតែ លោក កឹម សុខា បានដឹងឮហើយតែ មិនបានធ្វើការជំទាស់ ហើយថាកន្លងមក ACU បញ្ជាក់ថា សំឡេងនោះជាសំឡេងរបស់ លោក កឹម សុខា បន្ទាប់ពីធ្វើកោសល់វិច្ច័យ។
លោក ស្រី ចំរើននិយាយថា «ចំពោះរូបខ្ញុំបាទ នឹងតាមដានបន្តចំពោះចំណាត់ការតាមផ្លូវច្បាប់របស់ACU និង ស្នើជំរុញសុំឲ្យរដ្ឋសភាជាតិ មេត្តាពិនិត្យ និងអនុវត្តន៍តាមនិតិវិធីរបស់រដ្ឋសភា ក្នុងការបង្កើតគណៈកម្មការពិសេស ដើម្បីស៊ើបអង្កេតលើករណីរបស់ ឯកឧត្តម កឹម សុខា»៕