(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញមន្ត្រីគណបក្សទៅពិនិត្យឈ្មោះ និងទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោកស្រីបានថ្លែងយ៉ាងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សឃុំព្រៃគុយ។

លោកស្រី ឃួន ឃុនឌី ក៏បានជំរុញមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំរួមគ្នាអនុវត្តចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២១ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការរៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងកំណត់គោលនយោបាយអភិវឌ្ឍន៍ឃុំ អាណត្តិទី៥ ការរៀបចំសន្និបាទគណៈកម្មាធិការគណបក្សឃុំ ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងការពង្រឹងពង្រីកសមាជិកគណបក្សប្រកបដោយគុណភាព។

លោកស្រីបានផ្តាំផ្ញើឱ្យមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពឱ្យបានល្អប្រសើរ ដើម្បីបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍគ្រប់វិស័យនៅមូលដ្ឋាន បន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា និងបានជំរុញដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមវិធានការរាជរដ្ឋាភិបាល ការងារពង្រឹងសមត្ថភាព និងបទពិសោធន៍ដើម្បីឲ្យគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោកស្រីបាននាំយកនូវក្រមា ម៉ាស់ និងថវិកាមួយចំនួនទៅផ្ដល់ជូនក្រុមការងារផងដែរ៕