(ក្រចេះ)៖ កម្លាំងអាវុធហត្តក្រុងក្រចេះ ខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងម៉ាស្សាមានឈ្មោះ ស្រ៊ូ គាត ដែលជាប់ពាក់ព័ន្ធ ករណីលួចបំរើសេវាកម្មផ្លូវភេទ នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
លោកផាត សុភក្រ្ត័ វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឲ្យភ្នាក់ងារ Fresh News ដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ ដឹកនាំសម្របសម្រួល ដោយលោក ទូត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ រហូតឈានទៅដល់ការចុះឆែកឆេនិងឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់។
មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់រួមមានទី១.ឈ្មោះ អៀម ចក់ អាយុ២៧ឆ្នាំ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី២.ឈ្មោះ អ៊ឹម ណារី ភេទស្រី អាយុ២០ឆ្នាំ រស់ភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរី និងទី៣.ឈ្មោះ ជីង ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ រស់ភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ។
សម្រាប់ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថ ក៏បានដកហូតស្រោមអនាម័យ ចំនួន១ប្រអប់មានចំនួន៣ស្រោម ហើយប្រើអស់ស្រោមចំនួន១។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងក្រចេះ ដើម្បីសួរនាំនិងកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕