(ពោធិ៍សាត់)៖ រថយន្តដឹកកុងតឺន័រមួយគ្រឿង បានបើកបុករះរថយន្តស៊េរីទំនើបៗ និងម៉ូតូជាច្រើនគ្រឿង នាវេលាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ភាគីរថយន្តទំនើបៗដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាសាច់ញាតិ និងមិត្តភក្តិលោក ហ៊ុន សុភក្តិ ដែលត្រូវជាប្អូនថ្លៃលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលទើបទទួលបានការតែងតាំងជាមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ដែលនឹងប្រកាសចូលកាន់តំណែងនាព្រឹកមិញនេះផងដែរ ដោយពួកគេនាំគ្នាធ្វើដំណើរទៅចូលរួមប្រកាសការចូល កាន់តំណែងក៏ជួបករណីចរាចរ នៅតាមផ្លូវតែម្ដងទៅ ។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសាររថយន្តដឹកកុងតឺន័រប្រវែង ៤០ហ្វីត ទំនងជាអ្នកបើកបរងងុយដេក ហើយដេកលក់មួយភាំង បើកភ្នែកឡើងក៏ជ្រុលបុករះ រថយន្ត និង ម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យក្រឡាប់កាត់ទទឹងផ្លូវ នៅចំណុចភូមិឃុំកើតហេតុខាងលើតែម្ដងទៅ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកកុងតឺន័រខាងលើ បើកបរក្នុងទិសដៅពី ខេត្តពោធិ៍សាត់ឆ្ពោះមកភ្នំពេញ ហើយក្បួនរថយន្តទំនើបៗបើកបន្តគ្នា ក្នុងទិសដៅពីភ្នំពេញទៅខេត្តពោធិ៍សាត់។ លុះទៅដល់ចំណុច កើតហេតុស្រាប់តែរថយន្តកុងតឺន័រ រេចង្កូតមកបុកតែម្ដង។
លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យរថយន្ត Lexus 570 ស្លាកលេខភ្នំពេញ 2L-8879 ខូចខាតមួយចំហៀង និងរថយន្ត Ford ហ្វដ ស៊េរីថ្មី ស្លាកលេខភ្នំពេញ 2AE-6127 ខូចខាតផងដែរ និងម៉ូតូអ្នកស្រុកដែលកំពុងធ្វើដំណើរ តាមដងផ្លូវខូចខាតមួយចំនួនថែមទៀត ។
បច្ចុប្បន្នកម្លាំងរបស់អធិការស្រុក និងកម្លាំងមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ ពីលោក ម៉ៅ ធនិន អភិបាលខេត្ត កំពុង ជួយអន្តរាគមន៍ស្ទូចរថយន្តកុងតឺន័រ ចេញជៀសវាងការកកស្ទះចរាចរណ៍ និង បង្កឲ្យមានករណីគ្រោះថ្នាក់ជាយថាហេតុបន្តទៀត ។ ដោយឡែកជនរងគ្រោះ ទាំងអ្នករបួសធ្ងន់ និង របួសស្រាល ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា ៕