(ព្រះវិហារ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តព្រះវិហារមានចំនួន ១២៦៨៦នាក់។ បើតាមមន្ត្រី, ក្នុងនោះភ្ញៀវទេសចរណ៍ជាតិចំនួន ១២៦៥៩ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ មានការធ្លាក់ចុះ ៥០.៩៧ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ២៧នាក់ មានការធ្លាក់ចុះ ៧៥.៦៧ភាគរយ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា មូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២១ គឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ និងកត្តាសេដ្ឋកិច្ច ព្រមទាំងកត្តាអាកាសធាតុផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកសង្កេតឃើញថាភ្ញៀវទេសចរទាំងអស់ ពួកគាត់ភាគច្រើនបានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ និងរក្សាគម្លាតបានត្រឹមត្រូវ។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍ដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ តែងមកកំសាន្តនៅក្នុងខេត្តព្រះវិហាររួមមាន៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកជ្រោះព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ និងទីតាំងទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ៕