(ព្រៃវែង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងខេត្តព្រៃវែង មានចំនួនសរុប៩,៨៣៧នាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ពិធីបុណ្យភ្ជុំ បិណ្ឌឆ្នាំ២០២១នេះ មានភ្ញៀវទេសចរជាតិបានមកទស្សនា នៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រៃវែងចំនួន៩,៨៣៧នាក់។ ក្នុងនោះរួមមាន៖

*រមណីយដ្ឋាននគរភ្នំ ចំនួន២,៥៣៤នាក់
*រមណីយដ្ឋានអភិរក្សសត្វស្លាបទួលពាន់តាឡី ចំនួន១,២៤៨នាក់
*រមណីយដ្ឋានបារាយណ៍អណ្ដែត ចំនួន៥៩៧នាក់
*គោលដៅទេសចរណ៍ស្ទឹងចារ ចំនួន៥,២២៤នាក់
*រមណីយដ្ឋានធម្មជាតិសួនសត្វ តាដាបាយ៉ាបចំនួន១៦៤នាក់
*គោលដៅទេសចរណ៍ប្រាសាទព្រៃដើមស្រុក ចំនួន៧០នាក់។

បើតាមលោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានឱ្យដឹងថា ទោះបីនៅក្នុងស្ថានភាពឆ្លងជំងឺកូវីដ១៩ មិនទាន់ធូរស្រាលក៏ពិតមែន ក៏ប៉ុន្ដែរមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្តព្រៃវែង នៅតែទទួលបានអ្នកទេសចរ ដែលមានការចាប់អារម្មណ៍ និងចង់ទស្សនាកម្សាន្ត នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

លោក ទឹម ទេពវង្សា បានបញ្ជាក់ថា ក្នុងដំដើរកម្សាន្ដរបស់ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ១៩ផងដែរ។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានគូសបញ្ជាក់ថា ចំពោះការរៀបចំឱ្យចូលទស្សនានៅរមណីយដ្ឋាននាន ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងនោះក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ លាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ៕