(កោះកុង)៖ នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួន១១,២៤៨នាក់។ នេះបើតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ។

បើយោងតាមមន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា៖ «នៅក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ មានភ្ញៀវទេសចរសរុបចំនួន ១១,២៤៨នាក់ បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត ហើយថយចុះចំនួន ១៥,០៧៥នាក់ ស្មើនឹង៧៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយក្នុងនោះមានភ្ញៀវជាតិ មានចំនួន១១,១៥៥នាក់ ថយចុះចំនួន ១,៤៩៦៣នាក់ ស្មើនឹង៥៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ភ្ញៀវទេចរបរទេស មានចំនួន៩៣នាក់ គឺថយចុះចំនួន១១២នាក់ ស្មើនឹង៥៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០»

លោក សុខ ច័ន្ទគ្រឹស្នា ប្រធានទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា៖ «អត្រាថយចុះនៃចំនួនភ្ញៀវទេសចរ ក្នុងដំណើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ គឺដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ដែលមានហានិភ័យខ្ពស់ជាជំងឺឆ្លងសកល ម៉្យាងប្រជាពលរដ្ឋគាត់មានការយល់ដឹងបានខ្ពស់ក្នុងឆ្លងនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta នេះ ដើម្បីកុំឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ប្រជាពលរដ្ឋគាត់មិនបានចេញដំណើរកម្សាន្តតាមតំបន់ទេសចរណ៍ និងតាមរម្មណីយ៍ដ្ឋាននោះទេគាត់នៅតែផ្ទះជួបគ្រួសារគាត់ហើយនេះ ក៏ជាវិធានការណ៍ដ៏ល្អមួយសម្រាប់គ្រួសាររបស់គាត់ផងដែរ»

លោកបានបញ្ជាក់ថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕