(ភ្នំពេញ)៖ បុរសចំណាស់ម្នាក់ ត្រូវឃាតកមិនស្គាល់មុខចាក់សម្លាប់នៅលើគ្រែ បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ នៅចំណុចដីឡូតិ៍ តាមផ្លូវលំ ស្ថិតនៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសជាជនរងគ្រោះមានឈ្មោះ អាត់ សូត្រ អាយុ៧១ឆ្នាំ ជាអ្នកមើលដីចំការឱ្យគេ ស្នាក់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងមានប្រព្ធឈ្មោះ ណាត នី អាយុ៤៣ឆ្នាំ។

លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោកបានកដឹកនាំកម្លាំង ចុះមកកន្លែងកើតហេតុប្រទះឃើញបុរសវ័យ៧០ឆ្នាំ បានស្លាប់នៅលើគ្រែ ហើយជនរងគ្រោះដេកគ្រែតែមួយជាមួយប្រពន្ធ។ បើតាមការសន្និដ្ឋានជាជំហានបឋម គឺជាករណីឃាតកម្ម។

លោកអធិការខណ្ឌច្បារអំពៅ បានបញ្ជាក់ថា សម្រាប់ករណីឃាតកម្មនេះ កម្លាំងមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញការិយាល័យកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យ ដើម្បីយកសំណាកសពជាមុនសិនពិនិត្យរកមេរោគកូវីដ១៩ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាសពជនរងគ្រោះមានជំងឺកូវីដ១៩ ឬអត់។

តាមរយៈការធ្វើកោសលវិច្ឆ័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្នាមរបួសនៅលើខ្លួនចំនួន៦កាំបិត ដោយរបួសធ្ងន់ចំក្បាលផុងរលា ចំហៀងខាងស្ដាំស្មាខាងក្រោយចំនួន៤កន្លែងទៀត គឺជនសង្ស័យប្រើកាំបិតធំ (អាចជាកាំបិតបុ័ងតោ)។ ចំពោះករណីនេះ មន្ត្រីជំនាញកោសល្យវិច្ឆ័យរាជធានីភ្នំពេញ បានសន្និដ្ឋាន គឺជាករណីឃាតកម្ម និងបានប្រគល់សពឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគេហដ្ឋាន។

ចំពោះករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕