(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានផ្លាស់ប្តូរជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ប្តូរលោក មិន ឃិន ចេញ ដាក់ជំនួសដោយលោក ហឹម ឆែម។ ពិធីផ្លាស់ប្តូរតំណែងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ត្រូវបានធ្វើឡើងក្រោមអធិប ភាព លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ដ៏ខ្ពង់ ខ្ពស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីផ្ទេរតំណែងនោះថា ការផ្ទេរតំណែងនេះ ជាកិច្ចការធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងកិច្ចការកែទម្រង់រដ្ឋបាល និងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលពី៣។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា វិស័យធម្មការ និងសាសនា ជាវិស័យ ដ៏មានសារៈសំខាន់ក្នុងការអប់រំចិត្តប្រជាពលរដ្ឋកម្ពុជាឲ្យ ប្រព្រឹត្តនូវអំពើល្អ និង សុច្ចរិត។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ «បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការជឿ និងប្រ ណិប័តន៍សាសនា។ ដូច្នេះក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាលពិតជាមានតួនាទីស្នូល ក្នុងការគ្រប់គ្រងសម្របសម្រួល និងអភិវឌ្ឍន៍វិស័យធម្មការ និងសាសនា ដើម្បីរួមចំណែកកសាងប្រទេសជាតិ»។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យធម្មការ និងសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការ លើកកម្ពស់វប្បធម៌ នៃការយោគយល់គ្នាក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ជាពិសេសមិនឲ្យទំនាស់ផ្នែកសាសនានៅលើទឹកដីកម្ពុជា៕