(ភ្នំពេញ)៖ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសជនជាតិរុស្ស៊ី មកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើនបន្ថែមទៀតនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានការមួយចំនួន។
លោករដ្ឋមន្រ្តីបានលើកឡើងថា បច្ចុប្បន្នទេសចររុស្សីមាននិន្នាការមកទស្សនាអាស៊ីប៉ាស៊ីហ្វិក ពិសេសអាស៊ានផងដែរ ដែលនេះជាឱកាសល្អបំផុតសម្រាប់កម្ពុជា ដែលជាគោលដៅទេសចរណ៍មួយមានសក្តានុពលល្អសម្រាប់ទាក់ទាញទេសចររុស្សី ពិសេសគឺតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោកថា ដូច្នេះដើម្បីត្រៀមទទួលទេសចរនេះ ក្រសួងទេសចរណ៍ និងផ្នែកឯកជនបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ហើយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដូចជា បង្កើនការរៀបចំ Farm Trip រួមគ្នា, ទទួលក្រុមសារព័ត៌មាន និងវិនិយោគរុស្សី, ជំរុញការផ្សព្វផ្សាយទេសចរណ៍ទៅទីផ្សាររុស្សីតាមរយៈការរៀបចំចូលរួមពិព័រណ៍ទេសចរណ៍នៅទីក្រុងម៉ូស្គូឲ្យបានល្អ និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធ Media, បន្តជំរុញការខិតខំគ្រប់គ្រងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រអោយបានល្អ។ រៀបចំព្រឹត្តការណ៍ទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ, បង្កើតផលិតផលទេសចរណ៍ឲ្យបានច្រើន និងប្រកបដោយភាពទាក់ទាញនៅតំបន់ឆ្នេរ, បង្កើននិងពង្រឹងគុណភាពសេវា កម្មទេសចរណ៍តាមកំរិតស្តង់ដារអន្តរជាតិ និងបដិសណ្ឋារកិច្ចល្អ។
លោករដ្ឋមន្រ្តីក៏បានរៀបចំយុទ្ធសាស្រ្តទីផ្សារទេសចរណ៍រុស្សី និងជំរុញការរៀនសូត្រភាសារុស្សីក្នុងឧស្សាហកម្មទេសចរណ៍ ,ជំរុញការបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍និយាយភាសារុស្សី , ជំរុញការវិនិយោគផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងប្រកបដោយស្តង់ដារអន្តរជាតិនៅតំបន់ឆ្នេរសមុទ្រ, ជំរុញការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយទៅទីផ្សាររុស្សី, ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេសពង្រីកផ្លូវហោះហើរនៅព្រលានយន្តហោះក្រុងព្រះសីហនុ, ជំរុញឲ្យមានការហោះហើរត្រង់ពីរុស្សីមកកម្ពុជា, សិក្សាលើប្រព័ន្ធសម្រួលការធ្វើដំណើររបស់ទេសចររុស្សី ពិសេសសិក្សាលើគោលនយោបាយទិដ្ឋាការដល់ទេសចររុស្សីជាដើម។
សូមបញ្ជាក់ថា ឆ្នាំ២០១៣ ទេសចររុស្សីមកទស្សនាកម្ពុជា មានចំនួន ១៣១.៦៧៥នាក់ កើនឡើង៣២%។ ភ្ញៀវទេសចររុស្សីចេញក្រៅប្រទេស (Russian Outbound) មានចំនួនប្រមាណ ៣០លាននាក់ ក្នុងនោះមកទស្សនាអាស៊ានទើបបានប្រមាណជាង៣លាននាក់ (មកទស្សនាប្រទេសថៃច្រើនជាងគេ) ក្រៅពីនោះចំនួនទេសចរ រុស្សីភាគច្រើនចេញទៅ ទស្សនាប្រទេសអេហ្សីប ទួរគី និងទៅប្រទេសអ៊ឺរ៉ុប និងអាស៊ានបូក៣ ផងដែរ៕