Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារៀនទាំងអស់ត្រូវបិទ នៅប្រទេសហ្វីជី ចំពោះមុខព្យុះ Zena ដែលជិតមកដល់

06-04-2016 09:46

(ស៊ូវ៉ា)៖ សាលារៀនទាំងអស់នៅក្នុងប្រទេសហ្វីជី រួមទាំងមន្ទីរសំខាន់ៗមួយចំនួនទៀតត្រូវបានបិទ ហើយនៅព្រឹកថ្ងៃពុធនេះ ចំពោះមុខព្យុះស៊ីក្លូន Zena ដែលកំពុងតែសំដៅមុខព្រួញ មកដល់ដែនដីកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។

ព្យុះ Zena ខាងលើនេះ ត្រូវបានផ្នែកឧតុនិយមលើដីកោះមួយនេះ ព្យាករណ៍ថានឹងមានល្បឿន ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវាទំនងជានឹងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក លាយឡំនឹងខ្យល់ កន្ត្រាក់ និង អាចបង្កជាទឹកជំនន់ព្រមទាំងការបាក់ដីផងដែរ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូនដែលនឹងបោកបក់ហ្វីជី នាពេលខាងមុននេះ គឺស្ថិតនៅក្នុងកម្រិតពីរប៉ុណ្ណោះ ដែលខុសពីព្យុះស៊ីក្លូន Winton ដែលមានកម្រិតប្រាំ បានបោកបក់ប្រទេសនេះ យ៉ាងដំណំកាលពី ខែកុម្ភៈ បណ្តាលឲ្យមនុស្ស ៤៤នាក់បាត់បង់ជីវិត និងបង្កការខូចខាតហេដ្ឋរចនាសម្ព័ន្ធជាទូទៅ ដែលស្ទើរតែមិនអាចគណនាបានថែមទៀត៕