(ភ្នំពេញ)៖ មេធាវីតំណាងជនរងគ្រោះ ជាតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ គឺ លោកមេធាវី ជូង ជូងី បញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ថា សំណុំរឿងវាយតំណាងរាស្ត្រពីររូប នៅមុខរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ លោកមេធាវីនៅពុំទាន់អាចបញ្ជាក់បានថា តើជនរងគ្រោះទាំងពីររូប នឹងចូលខ្លួនមកតុលាការនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរស៣នាក់មានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ មានទីលំនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះ ម៉ៅ ហឿនអាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលមកសារភាពចំពោះមុខគណៈកម្មការស៊ើបអង្កេតករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ។
តាមចម្លើយសារភាពនេះ បានបង្ហាញឲ្យឃើញថា បុរសទាំង៣នាក់ ពុំមែនជាក្រុមបាតុករទេ ហើយសកម្មភាពនេះទៀតសោត គឺកើតឡើងដោយសារតែពួកគេមានកំហឹង ព្រោះអ្នកតំណាងរាស្ត្រទាំងពីរ ប្រើពាក្យសម្តីមិនសមរម្យ។ ដូច្នេះ នៅព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ តុលាការបានសម្រេចឃុំខ្លួនបុរសទាំង៣នាក់នេះ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង បទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស។
ទាក់ទិននឹងការសារភាពនេះ អ្នកតំណាងរាស្ត្រទាំងពីរ បានបដិសេធថា ពុំមានបានប្រើពាក្យសម្តី មិនសមរម្យនោះទេ៕