(កំពត)៖ មេចោរប្លន់ប្រដាប់អាវុធ២នាក់ ដែលត្រូវបានកម្លាំង នគរបាលខេត្តកំពត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៌ស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បង្ក្រាប និងចាប់ខ្លួន ថ្ងៃម្សិលមិញនោះ បានរៀបរាប់ពីសកម្មភាពប្លន់ទាំង៩ករណី នាពេលកន្លងទៅ នៅតាមមូលដ្ឋាន ដោយទទួលបានទ្រព្យសម្បត្តិ ជាលុយកាក់ និងគ្រឿងអលង្ការយ៉ាងច្រើន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា សកម្មភាពប្លន់ទាំង៩ករណី ដែលពួកគេធ្វើសកម្មភាពរួមមានទី១- នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្លន់នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ដោយយកលុយជាង១លាន និងគ្រឿងអលង្ការមួយចំនួន, ទី២- នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្លន់នៅភូមិតំដាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស យកអស់ម៉ូតូមួយគ្រឿង, ទី៣-ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ ប្លន់នៅភូមិទួល ឃុំល្បឿក ស្រុកឈូក យកអស់ម៉ូតូមួយគ្រឿង លុយជាង១០ម៉ឺនរៀល និងទូរស័ព្ទ២គ្រឿង, ទី៤- នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិតូច ឃុំក្រាំងស្ទាយ យកអស់គ្រឿងអលង្ការមួយចំនួន, ទី៥- នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិអង្គរជាតិ ឃុំចំប៉ី ស្រុកអង្គរជ័យ យកអស់គ្រឿងអលង្ការមួយចំនួនទៀត, ទី៦- នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ យកអស់គ្រឿងអលង្ការមួយចំនួន, ទី៧- នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ យកអស់ម៉ូតូមួយគ្រឿង និងគ្រឿងអលង្ការមួយចំនួន, ទី៨- នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ប្លន់នៅភូមិតានាន់ ឃុំក្រាំងស្នាយ ស្រុកឈូក យកអស់គ្រឿងអលង្ការមួយចំនួន និងទី៩ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ប្លន់នៅភូមិដាន់គោមខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក យកអស់គ្រឿងអលង្ការមួយចំនួន។
មន្រ្តីនគរបាលខេត្តកំពត បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ មួង រ៉េត អាយុ៥៣ឆ្នាំង និងទី២-ឈ្មោះ អ៊ុក មឿន អាយុ៤០ឆ្នាំ ។
លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន កម្លាំងនគរបាលរបស់លោក បាននាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅឲ្យជនរងគ្រោះចង្អុលមុខ នៅន្លែងដែលពួកគេធ្វើសកម្មភាពនាពេលកន្លងទៅ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។