ISIS ប្រកាសគំរាមវាយប្រហារទីក្រុង London, Berlin និងទីក្រុង Rome
06-04-2016 00:19
(អេហ្ស៊ីប)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម (ISIS) នៅថ្ងៃទី០៥ ខែមេសានេះ បានបង្ហាញនូវវីដេអូមួយ ប្រកាសថា ខ្លួនអាចវាយប្រហារបន្ថែមទៀត លើបណ្តាប្រទេសលោកខាងលិច ក្នុងនោះបានបញ្ជាក់ថា ទីក្រុង London ចក្រភពអង់គ្លេស, ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ និងទីក្រុង Rome របស់ប្រទេសអ៊ីតាលី អាចជាគោលដៅដែលត្រូវវាយប្រហារ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ។
សមាជិកក្រុម ISIS មួយរូប ដោយនិយាយជាភាសាអង់គ្លេស នៅក្នុងឃ្លីបវីដេអូ បានឲ្យដឹងថា «ប្រសិនបើម្សិលមិញ មានការវាយប្រហារនៅទីក្រុង Paris, ហើយថ្ងៃនេះទីក្រុង Brussels, ព្រះ Allah ដឹងទេថាកន្លែងណា អាចនឹងកើតឡើងសម្រាប់ថ្ងៃស្អែក។ ប្រហែលជាវានឹងកើតឡើង នៅក្នុងទីក្រុង London ឬទីក្រុង Berlin ឬក៏ទីក្រុង Rome»។
ក្រុមឧទ្ទាម ISIS បានអះអាងទទួលខុសត្រូវ សម្រាប់ការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្ស៣១នាក់ ក្នុងទីក្រុង Brussels នាខែមីនា ហើយនិងការវាយប្រហារនៅក្នុងទីក្រុង Paris កាលពីខែវិច្ចិកាឆ្នាំមុន ដែលបានសម្លាប់មនុស្ស១៣០នាក់៕