(អៀឡង់)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះបានឲ្យដឹងថា លោក Sigmundur Gunnlaugsson នាយករដ្ឋមន្រ្តី នៃ Iceland បានប្រកាសលាលែងពីតំណែង បន្ទាប់ពីបែកធ្លាយឯកសារសម្ងាត់ Panama Paper ដោយរូបគាត់មានឈ្មោះនៅក្នុងបញ្ជី នៃទ្រព្យសម្បត្តិលាក់បាំងរាប់លានដុល្លារ។
សូមជំរាបថា ពាក់ព័ន្ធឯកសារសម្ងាត់ (Panama Paper) រដ្ឋាភិបាលរុស្ស៊ី បានធ្វើការបដិសេធឯកសារ ១១.៥លានច្បាប់នោះ គ្មានបញ្ហាអ្វីនោះទេ ហើយការធ្វើបែបនេះគឺដើម្បីបង្ខូចឈ្មោះលោក ពូទីន តែប៉ុណ្ណោះ។ រុស្ស៊ីបានឲ្យដឹងថា ការទម្លាយឯកសារនេះ ជាការបង្កើតឡើងដើម្បីប្រឆាំងរុស្ស៊ី ដើម្បីធ្វើឲ្យលោក ពូទីន ធ្លាក់ប្រជាប្រិយភាពនៅពេលរៀបចំបោះឆ្នោតខាងមុខនេះ (២ឆ្នាំទៀត រុស្ស៊ីនឹងរៀបចំបោះឆ្នោតប្រធានាធិបតី)។
សូមបញ្ជាក់ថា ការទម្លាយឯកសារសម្ងាត់ របស់ក្រុមហ៊ុនមេធាវីប៉ាណាម៉ា Mossack Fonseca ដែលបង្ហាញពីវិធីលាក់លុយនៅបរទេសរបស់បណ្តាមេដឹកនាំ បងប្អូនសាច់ញាតិ អ្នកនយោបាយ និងតារា ឬកីឡាករល្បីៗ បានធ្វើឲ្យកក្រើកពិភពលោក។
សមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) និងសារព័ត៌មានអាឡឺម៉ង់ Suddeutsche Zeituជាអង្គភាពដែលដើរតួនាទីសំខាន់ជាងគេក្នុងការផ្សព្វផ្សាយនិងចែកចាយឯកសារ ជាមួយបណ្តាសារព័ត៌មានអន្តរជាតិទូទាំងពិភពលោក។ អ្នកសារព័ត៌មានអន្តរជាតិរាប់រយនាក់ កំពុងសិក្សាស្រាវជ្រាវលើឯកសារបែកធ្លាយនិងរៀបចំរបាយការណ៍លម្អិតដើម្បីផ្សព្វផ្សាយបន្តថែមទៀត៕