(ភ្នំពេញ)៖ រថយន្ដបាឡែន១គ្រឿង បានព្រលះជាមួយរថយន្ដបែនដឹកដី អូសសណ្ដោងគ្នា ២គ្រឿងខណៈ បើកបញ្ច្រាស់ទិសបណ្ដាលឲ្យរថយន្ដបាឡែន រងការខូចខាតគូទខាងក្រោយស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ មកអន្តរាគមន៍នៅវេលាម៉ោង០៣៖៤០នាទីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបេតុង ខាងជើងវត្តទួល ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្ដបង្កជាប្រភេទរថយន្ដបែនដឹកដីម៉ាក FUSO ពណ៍លឿងពុំមានពាក់ស្លាកលេខឡើយ និងជារថយន្ដដែលខូចមិនអាចបើកបរទៅមុខរួច និងជារថយន្ដរបស់ក្រុមហ៊ុនលោក ពក ប៊ុនថន បើកបរដោយតៃកុងម្នាក់ឈ្មោះវឌ្ឍនា ភេទប្រុស អាយុ២២ឆ្នាំ និងចំពោះរថយន្ដ១គ្រឿងទៀតដែលអូសសណ្ដោងពីមុខរថយន្ដបង្កក៍ជាប្រភេទរថយន្ដបែនដឹកដី ដូចគ្នាម៉ាក FUSO ពណ៍សពាក់ស្លាកលេខភ្នំពេញ ៣C-២៣៣១ អ្នកបើកបររថយន្ដឈ្មោះ ប៉ូយ ខួង ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ដ តៃកុងរថយន្ដទាំង២នាក់ ស្នាក់នៅ ភូមិសង្កាត់កើតហេតុខាងលើ។
ចំណែករថយន្ដរងគ្រោះម៉ាកបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២T-០៦៨២ រីឯអ្នកបើកបរមាន ឈ្មោះ សេរី សុខា អាយុ២១ឆ្នាំ មានមុខរបរជានិស្សិតឆ្នាំទី៤ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបែនដឹកដី ២គ្រឿងអូសសណ្ដោងគ្នា តាមបណ្ដោយផ្លូវបេតុងពីត្បូងទៅជើង ដោយបញ្ច្រាស់ទិសជាមួយរថយន្ដបាឡែន ដែលធ្វើដំណើរម្នាក់ឯងពីជើងទៅត្បូងក្នុងល្បឿន មិនសូវលឿន លុះមកដល់ចំណុចកើតហេតុរថយន្ដបែនសណ្ដោង ដែលខូចបានរ៉េចង្កូតមកកៀរកន្ទុយរថយន្ដបាឡែន បណ្ដាលឲ្យធ្លាក់កាងរថយន្ដរងការខូចខាតគូទ ខាងក្រោយស្ទើរទាំងស្រុង។
បន្ទាប់ពីកើតហេតុរថយន្ដបង្កមិនបានបើករត់គេចឡើយ ដោយឈប់រថយន្ដធ្វើការសម្រុះសម្រួលគ្នា ជាមួយភាគីរងគ្រោះ ដើម្បីបញ្ចប់រឿងដោយឡែកម្ចាស់រថយន្ដបាឡែនបានសុំឲ្យខាងរថយន្ដដឹកដី ជួយចេញសងថ្លៃជួសជុលចំនួន២៥០$ ដើម្បីបញ្ចប់រឿងប៉ុន្តែភាគីខាងរថយន្ដដឹកដី សុំសងត្រឹមតែ ២០០$ប៉ុណ្ណោះ ព្រោះខ្លួនគេគ្មានលុយ និងគ្មានចេតុនាចង់ឲ្យប៉ះពារនោះឡើយ។ ក្រោយការសម្រុះសម្រួលមិនត្រូវរ៉ូវគ្នា កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានសម្រេចយករថយន្ដបង្កនិងរយន្ដរងគ្រោះ ទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីរងចាំការដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕