(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលទិសទី៤-៥ បានថ្លែងជំរុញដាក់ផែនការ ដល់កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យត្រូវត្រៀមឲ្យហើយ សម្រាប់កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅគ្រប់គោលដៅ នាថ្ងៃចូលឆ្នាំប្រពៃណីជាតិ ជាពិសេសទប់ស្កាត់ឲ្យបាននូវបទល្មើសនានា ដែលអាចកើតមានឡើង ខណៈដែលខេត្តបន្ទាយមានជ័យ ត្រូវបានទទួលស្គាល់មានស្ថានភាពល្អប្រសើរ ចំពោះបញ្ហាសន្តិសុខនេះ។
នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ខេង សុមេធ ថ្នាក់ដឹកនាំខេត្ត និងមានការចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជិត៥០០នាក់ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត អាត់ ខែម បានលើកឡើងនូវលទ្ធផលការងារយ៉ាងច្រើន ចំពោះបញ្ហាពង្រឹងការងារសន្តិសុខ និងការបង្ក្រាបបទល្មើស ព្រមទាំងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរ ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់កងកម្លាំងនគរបាលទូទាំងខេត្ត ធ្វើឲ្យមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងបានជួយអន្តរាគមន៌ទាន់ពេលវេលា នូវហេតុការណ៌អ្វីមួយកើតឡើង តាមមូលដ្ឋាន។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ បានជំរុញឲ្យនគរបាលទាំងអស់ ត្រូវបង្កើនលើបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែខ្លាំងឡើង តាមគោលការណ៏ណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៌ នេត សាវឿន ជៀសវាងធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ច្រើន។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកា ចំនួន១លានរៀលជូនមន្រ្តីនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី ដែលបានចូលនិវត្តន៍ និងបានឧត្តម្ភដល់នគរបាលដែលបានចូលរួមទាំងអស់ម្នាក់ៗ ៥មឺិនរៀលផងដែរ។