(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គណបក្សខ្មែរតែមួយ បានបញ្ជាក់នៅក្នុងញត្តិគាំទ្រយ៉ាងដូច្នេះថា ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេសជាតិ គឺមេដឹកនាំនៃស្ថាប័នកំពូលទាំង៤របស់ជាតិ ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ដើម្បីដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕