(ភ្នំពេញ)៖ សារព័ត៌មានកម្ពុជាថ្មី បានបង្ហាញថា មានទំព័រ Facebook មួយចំនួនកំពុងលួចបន្លំអត្តសញ្ញាណធ្វើជាទំព័រ Facebook របស់ខ្លួន ដោយប្រើឈ្មោះ និង និមិត្តសញ្ញា (Logo) របស់សារព័ត៌មានកម្ពុជាថ្មី។ សារព័ត៌មានកម្ពុជាថ្មី បានបញ្ជាក់ថា ទំព័រ Facebook ពិតរបស់ខ្លួនមានតែមួយដោយមានរូបភាពគ្រប (Cover) ជាទិដ្ឋភាពសួនច្បារស្ដូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលស្ថិតនៅលើសួនច្បារសម្តេចតេជោ ហ៊ុន សែន មុខវិមានឯករាជ្យ។
ការចេញមកបញ្ជាក់របស់សារព័ត៌មានកម្ពុជាថ្មី បានធ្វើឡើង បន្ទាប់ពីទំព័រ Facebook ក្លែងក្លាយទាំងនោះ បានធ្វើការផ្សព្វផ្សាយព័ត៌ មានមួយចំនួននាំឲ្យប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្សាយព័ត៌មានថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានចំណាយប្រាក់ ៥០០០ដុល្លារ ដើម្បីទិញភាគហ៊ុនចំនួន៥០០០ នាឆ្នាំ២០០៧ ក្នុងក្រុមហ៊ុនឈ្មោះ Brithis Viring Islands។
សារព័ត៌មានកម្ពុជាថ្មី បានច្រានចោលនូវការផ្សាយព័ត៌មានទាំងអស់នេះ ហើយបានហៅការផ្សាយនោះថា ជាការទទួលខុសត្រូវ ដាច់ដោយឡែករបស់បុគ្គល ឬក្រុមដែលប្រព្រឹត្តិអំពើល្មើសច្បាប់ ដែលត្រូវតែទទួលខុសត្រូវទាំងចំពោះការប៉ះពាល់ដល់កិត្តិយស របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយក៏ត្រូវទទួលខុសត្រូវ ចំពោះសារព័ត៌មានកម្ពុជាថ្មីផងដែរ។
សារព័ត៌មានកម្ពុជាថ្មី បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមណាមួយ ដែលក្លែងបន្លំ Account Facebook របស់សារព័ត៌មានកម្ពុជាថ្មី និងបានអំពាវនាវដល់សមត្ថកិច្ចជួយស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកក្លែងបន្លំ Account Facebook កម្ពុជាថ្មី៕