(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះសម្របសម្រួល ជាមួយប្រជាពលរដ្ឋភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ជិត២០០គ្រួសារ ជួបសំណេះសំណាលជុំវិញ អំពីបញ្ហាពាក់ព័ន្ធដែលចោទ អាជ្ញាធរឃុបឃិតជាមួយមន្ទីរសុខាភិបាល និងឈ្មួញលក់ដីសាលាបុណ្យមួយនេះ ដែលមានទំហំទទឹង៣០ម៉ែត្រ គុណនឹង៥០ម៉ែត្រ។

លោក ហែម ដារិទ្ធ ថ្លែងថា ករណីខាងលើនេះលោកមិនបានដឹង និងឃុបឃិតលក់ដីទីស្នាក់ការសាលាបុណ្យនេះទេ លោកបានស្បថចំពោះមុខព្រះ និងប្រជាពលរដ្ឋអស់ពីបេះដូងថា បើសិនជាលោកមានបំណងលក់ទីតាំងខាងលើនេះ ពេលលោកចេញទៅវិញ សូមឲ្យឡានបុកលោកទៅចុះ។ លោកបានបន្តទៀតថា ទីតាំងខាងលើនេះជារបស់របស់មន្ទីរសុខាភិបាល ដែលបញ្ចូលជារបស់រដ្ឋ មានគំរោងបង្កើតមណ្ឌលសុខភាពជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានលើកឡើងថា បើក្រសួងមន្ទីរសុខាភិបាល មានគំរោងបង្កើតមណ្ឌលសុខភាពនោះ សូមជ្រើសទីតាំងផ្សេងពីកន្លែងមួយនេះទៅ ហើយទីតាំងខាងលើនេះ ប្រជាពលរដ្ឋនាំគ្នា គោរពបូជាព្រះពុទ្ធសាសនាតាំងពីឆ្នា១៩៧៩មកម្ល៉េះ ប្រជាពលរដ្ឋសំណូមពរទុកសាលាបុណ្យមួយនេះ សម្រាប់ប្រជាពលរដ្ឋធ្វើពិធីបុណ្យផ្សេងៗ និងគោរពបូជាព្រះពុទ្ធសាសនា។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌបានបន្តថា លោកនឹងពាំនាំបញ្ហា ដែលប្រជាពលរដ្ឋលើកឡើងទាំងអស់ ទៅអភិបាលរាជធានី និងមន្ទីរសុខាភិបាលជុំវិញបញ្ហាមួយនេះ៕

 

Posted by Fresh News Photo on Tuesday, April 5, 2016