(ភ្នំពេញ)៖ លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន World bridge Food and Beverage បានប្រកាសទិញភាគហ៊ុនចំនួន៥៥% របស់ក្រុមហ៊ុន AusKhmer Import and Export ដើម្បីរួមចំណែកផ្តល់នូវអាហារ និងភេសជ្ជៈដែលមានម៉ាកល្បីៗ និងគុណភាពខ្ពស់ លើពិភពលោក មកជួនប្រជាជននៅកម្ពុជា ស្របពេលសេដ្ឋកិច្ចកម្ពុជា មានកំណើនកាន់តែយ៉ាងប្រសើរនោះ។
 
លោកឧកញ៉ា សៀ ឬទ្ធី បានថ្លែងក្នុងសន្និសីទកាសែត នៅសណ្ឋាគារសូហ្វីតែលឲ្យដឹងទៀតថា ការសហការគ្នានេះ គឺដោយមើលឃើញពីសក្តានុពលនៃទីផ្សារអាហារ និងភេសជ្ជៈដែលមានម៉ាកល្បីជាមួយនឹង គុណភាពខ្ពស់ មានការនិយមប្រើប្រាស់ច្រើន ជាមួយនឹងតម្រូវការពីភ្ញៀវបរទេស និងប្រជាជនខ្មែរ និងដើម្បីបង្កើននូវភាពស៊ីវីល័យ នៃការរស់នៅនាពេលបច្ចុប្បន្ននេះ។

លោកបន្ដថា «ក្រុមហ៊ុន World bridge Food and Beverage សហការជាមួយក្រុមហ៊ុន AusKhmer គឺក្នុងគោលដៅតែម្យ៉ាងគត់ គឺនាំយកនូវម្ហូបអាហារ គ្រឿងទេសនិងភេសជ្ជៈគ្រប់ប្រភេទ លើពិភពលោកមកកម្ពុជា ទៅតាមស្ដង់ដារអន្ដរជាតិ  ដោយមិនចាំបាច់ទៅក្រៅប្រទេសនោះទេ គឺអាចស្វែងរកបាននៅក្រុមហ៊ុន World bridge Food and Beverage» ជាការស្រេច។

លោក Simon Roe ជាប្រធានក្រុមហ៊ុន AusKhmer Import and Export បានលើកឡើងថា AusKhmer គឺជាក្រុមហ៊ុនមួយ ដែលឈានមុខគេ នាំចូលនិងចែកចាយផលិតផលអាហារ និងភេសជ្ជៈ មានគុណភាពខ្ពស់លើពិភពលោក ដែលមានជាង៣ពាន់មុខ ហើយចែកចាយទូទាំងប្រទេសកម្ពុជា ពិសេសនៅភ្នំពេញ សៀមរាប និងកំពង់សោម។

លោកបន្ដថា «ស្របតាមផលិតផលរបស់ខ្ញុំ ដែលកំពុងតែមានការកើនទ្បើងនៃតំរូវការក្នុងទីផ្សារ ក្នុងប្រទេសកម្ពុជាជាមួយនឹង ការចែកចាយយ៉ាងខ្លាំង ពិសេសដែលបានសហការជាមួយនឹងក្រុមហ៊ុន World bridge Food and Beverage ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងជួយពង្រឹងនិងពង្រីកការចែកចាយ កាន់តែខ្លាំងបន្ថែមទៀត ហើយវាក៏ជាឱកាសដ៏ធំ ដែលក្រុមហ៊ុនរបស់យើងក្លាយ ជាដៃគូជាមួយលោកឧកញ៉ា សៀ ឬទ្ធី»។

គួរបញ្ជាក់ថា ក្រុមហ៊ុន AusKhmer Import and Export បានមានវត្ដមានជាង១៥ប្រទេសមកហើយ នៅលើពិភពលោក ដែលឈានមុខគេលើការនាំចូល និងចែកចាយផលិតផលអាហារ និងភេសជ្ជៈមានគុណភាពខ្ពស់ជាច្រើន នៅលើពិភពលោក មានស្រាល្បីៗ សាច់គ្រប់ប្រភេទ និងគ្រឿងទេសផ្សេងទៀត ដែលមានលក់ស្ទើរតែគ្រប់ទីផ្សារ លើបណ្ដាប្រទេសកន្លងមកនេះ៕