(ភ្នំពេញ)៖ បើទោះបីប្រតិបត្តិការចុះប្រមូលឈើល្មើសច្បាប់មានរយៈពេលជាង២ខែទៅហើយក្តី តែគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនទាន់អាចបង្ហាញពីទិន្នន័យឈើ ដែលបង្រ្កាប និង ប្រមូលបាននោះនៅឡើយទេ។
នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានកោះប្រជុំមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យទៅលើប្រតិបត្តិការ បង្រ្កាប និងប្រមូលឈើល្មើសច្បាប់។ តែកិច្ចប្រជុំនេះមិនទាន់អាចបូកសរុបចំនួនឈើបាននៅឡើយទេ ដោយសារឈើនៅតំបន់មួយ ចំនួនបូកសរុបមិនទាន់ចប់នៅឡើយ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យទីបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់ Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៥ ខែមេសា នេះថា «ទិន្នន័យ នៃការបង្ក្រាប បទល្មើសព្រៃឈើនាពេលកន្លងមក យើងបានទទួលហើយ ក៏ប៉ុន្ដែនៅខេត្តមណ្ឌលគីរី មិនទាន់បានទទួលនោះទេ ដូចេ្នះនៅកិច្ចប្រជុំ ព្រឹកមិញនេះ យើងបានឲ្យប្រធានបរិស្ថាន រដ្ឋបាលព្រៃឈើខេត្ត បូកសរុបហើយ ប៉ុន្ដែមិនទាន់រួចរាល់នៅឡើយទេ ប្រហែលជាពីរទៅ បីថ្ងៃទៀត ទើបយើងទទួលបានចំនួនពិតប្រាកដ អ៊ីចឹងហើយពេលនេះ ខ្ញុំមិនអាចនិយាយពីចំនួនប្រហែលបានទេ ចាំបានពិតប្រាកដ ទើបអាចនិយាយបាន»។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ មាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក ៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និង អភិបាល ខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។
សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ នៅសប្តាហ៍មុន បានបញ្ជាឲ្យយកឈើ ដែលប្រមូល បានពីបទល្មើសទាំងអស់ទៅប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ចាត់ចែងសាងសង់សាលារៀន គ្រឿងបរិក្ខាបម្រើវិស័យអប់រំ ព្រមទាំងផ្ទះលោកគ្រូ អ្នកគ្រូផងដែរ៕