(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ មានរៀបចំ «ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានពន្ធដារ និងសហគ្រាសសហប្រតិបត្តិការសិង្ហបុរី» ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Kong WyMun ជានាយកប្រតិបត្តិ នៃសហគ្រាសសហប្រតិបត្តិការសិង្ហបុរី (Singapore Cooperation Enterprise) និង មានការចូលរួមពី លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីដែលពាក់ព័ន្ធ ព្រមទាំងគណៈប្រតិភូ របស់សហគ្រាសសហប្រតិបត្តិការសិង្ហបុរី។
សហគ្រាសសហប្រតិបត្តិការសិង្ហបុរី (Singapore Cooperation Enterprise) គឺជាភ្នាក់ងារដែលបង្កើតឡើងដោយ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម និងក្រសួងការបរទេស របស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋសឹង្ហបុរី។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងសហគ្រាសសហប្រតិបត្តិការសិង្ហបុរី នឹងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរលើវិស័យពន្ធដារ សម្រាប់ឆ្នាំ២០១៦ នេះតទៅ ដោយផ្តោតលើគោលដៅចម្បង២ គឺ៖ ១-ការចែករំលែកបទពិសោធន៍នៃឧត្តមានុវត្តន៍ (Best Practice) លើវិស័យពន្ធដារ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា ដើម្បីធ្វើឱ្យប្រសើរឡើង និងមានប្រសិទ្ធភាពរដ្ឋបាលសារពើពន្ធ និង២- ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើ សមាហរណកម្មប្រព័ន្ធទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល សង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងប្រព័ន្ធពន្ធដារកម្ពុជា បន្ថែមលើអ្វីដែលអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងធ្វើ ជាពិសេសកំណែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាបាននូវចីរភាពកំណើនចំណូលពន្ធ។
បន្ថែមពីនេះទៀត លោកអគ្គនាយក រំពឹងថាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងក្លាយជាវប្បធម៌ការងារ ដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ ដែលអាចជាគំរូដ៏ល្អមួយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ បណ្តាដៃគូអន្តរជាតិផ្សេងៗទៀត នាពេលអនាគតផងដែរ៕