(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកចាន់ ដារា អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសដំឡើងឋានន្តរស័ក្តិ និងប្រកាសតែងតាំងផ្លាល់ប្តូរមុខងារ ជូនមន្ដ្រីកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃក្នុការបំពេញភារកិច្ច និងបំរើប្រជាពលរដ្ឋបានល្អនាពេលកន្លងមក។
លោកឧត្តមសរនីយ៍ឯក ប្រាក់ សិទ្ធ បានថ្លែងថា បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ មានភាពរីកចំរើនច្រើនទាំងការដឹកនាំអង្គភាព ផ្នែកហេដ្ឋារចនាសម្ព័នក្នុងអង្គភាព និងការបង្ក្រាបរាល់បទល្មើសគ្រប់រូបភាព។ លោកបន្តថា ការយឺតយ៉ាវក្នុងប្រកាសតួនាទីដល់កងកម្លាំងអាវុធហត្ថ យើងដោយសារតែបញ្ហាបច្ចេកទេស និងការកែសម្រួលរបស់ថ្នាក់លើ។ លោកបន្តថា ការស្នើសុំដំឡើងឋានន្តរស័ក្ក និងតួនាទីដល់កងកំលាំងកងរាជអាវុធហត្ថបច្ចប្បន្នថ្នាក់លើមានការតឹងតែងខ្លាំង ពាក់ព័ន្ធលើឯកសារ ប្រវត្តិរូបដូចជាការប្រើអក្ខរាវិរុទ្ធជាដើម។
ឧត្តមសេនីយ៍ត្រី ជួ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងថា មន្ត្រីរាជអាវុធហត្ថត្រូវបានប្រកាសតែងតាំងមានចំនួន៣៥នាក់ ក្នុងនោះរួមមាន៖ ត្រូវបំពាក់ឋានន្តរស័ក្កចំនួន៤នាក់ ថ្នាក់វរ:សេនីយ៍ឯក២នាក់ វរ:សេនីយ៍ទោ១នាក់ និងវរ:សេនីយ៍១នាក់ ព្រមទាំងចំនួន ៣១នាក់ទៀត ត្រូវបានប្រកាស់តែងតាំងព្រមទាំងផ្លាស់ប្តូរមុខងារភារកិច្ច ថ្នាក់មេបញ្ជាការរង២នាក់ នាយលេខាធិការដ្ឋាន១នាក់ នាយរងសេនាធិការ៥នាក់ ប្រធានមន្ទីរ៣នាក់ អនុប្រធានមន្ទីរ១នាក់ នាយការិយាល័យ១០នាក់ មេបញ្ជាកររងក្រុង ស្រុក៤នាក់ ជំនួយការឃ្លាំង១នាក់ និងបុគ្គលិកឃ្លាំង២នាក់។
លោកបានបញ្ជាក់បន្ថែមថា កម្លាំងក្នុងបញ្ជាការដ្ឋាន ខេត្តកំពង់ស្ពឺមានចំនួនសរុប ១៩៧នាក់ នាយទាហាន១២២នាក់ នាយទាហានរង៧៥នាក់ ស្រី៤នាក់ និងកម្លាំងអនុសេនាធំចល័តចំនួន៤៧នាក់ បេសកម្មជាមួយអង្គការវ៉ាយអេត៣នាក់ ឈឺសម្រាក់នៅផ្ទះ២នាក់។ ក្នុងនោះស្នើរសុំតែងតាំងផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរស័ក្កជូន នាយទាហានរង នៃ បញ្ជាការដ្ឋានខេត្តរួមមាន៖ ស្នើរសុំតែងតាំងមុខងារ១៧នាក់ ស្នើរដំឡើងឋានន្តរស័ក្ក៤៣នាក់ និងស្នើរសុំតែងតាំងផ្លាស់ប្តូរ ព្រមទាំងដំឡើងឋានន្តរស័ក្ក៣៦នាក់។
លោកចាន់ ដារា បានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានកងយុទ្ធពលខេមរភូមិន្ទផ្តល់សេចក្តីទុកចិត្ត និងសម្រេចបំពាក់ឋានន្តរស័ក្តិនា ពេលនេះត្រូវតែយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋគ្រប់មជ្ឈដាន មិនត្រូវប្រើតួនាទីរបស់ខ្លួនទៅគាបសង្កត់ប្រជាពលរដ្ឋ ស្លូតត្រង់ឡើយ។ លោកបន្តថា នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថគ្រប់រូប ត្រូវគោរពភារកិច្ច និងវិជ្ជាជីវ:កងកម្លាំងប្រដាប់អាវុធ ត្រូវសហការល្អជាមួយអាជ្ញាធរគ្រប់គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសរួមសហការគ្នា ដើម្បីទប់ស្កាត់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ជនឱកាសនិយមមួយក្តាប់តូច៕