(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ (MOU) ជាមួយនឹងសាកលវិទ្យាល័យ កាសេមបណ្ឌិត មកពីប្រទេសថៃ ក្រោមអធិបតីភាពលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង បណ្ឌិត Suwat Suwandee សាកលវិទ្យាធិការស្តីទី សាកលវិទ្យាល័យ កាសេមបណ្ឌិត នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦។
បណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឲ្យដឹងថា កន្លងមកសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយនឹងសាកលវិទ្យាល័យនានា នៅក្រៅប្រទេសចំនួន១៣ រួចមកហើយដូចជា សហរដ្ឋអាមេរិក រួមមាន Cisco Networking Academy, សឹង្ហបូរី រួមមាន វិទ្យាស្ថានអប់រំបច្ចេកវិជ្ជា និងវិទ្យាស្ថានគ្រប់គ្រងអាស៊ីបូព៌ា ,ម៉ាឡេស៊ី រួមមានសាកលវិទ្យាល័យ ម៉ាឡាយ៉ា និងសាកលវិទ្យាល័យ អូភេន ម៉ាឡេស៊ី,ប្រទេសចិន រួមមានសាកលវិទ្យាល័យ ជីវជាំង សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆុងឆីង សាកលវិទ្យាល័យស៊ុន យ៉ាកសេន សាកលវិទ្យាល័យចូវតុងខាងកើតប្រទេសចិន និងសាកលវិទ្យាល័យសានដា, ប្រទេសថៃ រួមមាន សាកលវិទ្យាល័យ ប្រាណាក់ខន ស៊ីអាយុធ្យា រ៉ាចាផាប់ ,ប្រទេសស្វីស រួមមាន សាកលវិទ្យាល័យ ពាណិជ្ជកម្ម និងសិក្សាអន្តរជាតិ ,ប្រទេសកូរ៉េ រួមមាន សាកលវិទ្យាល័យ ជាតិជុងបុក។
ជាងនេះទៅទៀត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបញ្ជូននិស្សិតទៅសិក្សា និងទស្សនកិច្ចនៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានចុះ MOU ជាមួយសាកលវិទ្យាល័យ កាសេមបណ្ឌិត ដែលមកពីប្រទេសថៃ ក្នុងគោលបំណងផ្លាស់ប្តូរកម្មវិធីសិក្សា ធ្វើកម្មវិធីសិក្សារួមគ្នា ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត បុគ្គលិក សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង ទស្សនកិច្ចសិក្សាផ្សេងៗកម្មវិធី ១+៣ ២+២ និង ៣+១ និងការផ្លាស់ប្តូរការស្រាវជ្រាវពីថ្នាក់បរិញ្ញាបត្រ ដល់ថ្នាក់បណ្ឌិត ពិសេសសាកលវិទ្យាល័យ បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗ ដែលមានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការ ជូនមាតាបិតាអាណាព្យាបាលនិស្សិតដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេស តាមរយៈសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕