(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

តាមរយៈសារលិខិតគាំទ្រ លោក ព្រុំ សុខា បានបញ្ជាក់ថា៖ «ខ្ញុំសូមគាំទ្រប្រសាសន៌របស់សម្តេចតេជោ ហ៊ុន សែន ដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ»

លោករដ្ឋមន្រ្តីព្រុំ សុខា បានបន្ថែមទៀតថា៖ «ដូចការបញ្ជាក់យ៉ាងច្បាស់របស់សម្តេច គឺច្បាប់នេះមានភាពចាំបាច់ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស។ អ្នកនយោបាយណាម្នាក់ ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»