(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងទៅកាន់រដ្ឋមន្ត្រីសុខាភិបាលអាស៊ានថា ប្រជាជនត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩ វិវត្តបម្លែងខ្លួន ដោយប្រជាជនមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩ ហើយត្រូវត្រួតត្រាកូវីដ-១៩ ជាជាងទុកឱ្យកូវីដ-១៩ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃឡើយ។

ការថ្លែងបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងឱកាសលោកស្រីចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសម្រាប់អាស៊ាន ឌីជីថលសុខភាពសាធារណៈ តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ កិច្ចប្រជុំនោះធ្វើឡើងក្រោមប្រធានបទ «សហការដើម្បីសុខភាព និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសាកលលោកក្រោយពីការរាតត្បាតជំងឺ» ចាប់ពីថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំពិសេសនេះ លោកស្រី ឱ វណ្ណឌីន ត្រូវបានជ្រើសរើសធ្វើជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជាច្រើនទៀតនៅក្នុងរបៀបវារៈ ពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងពេលអន្តរាគមន៍ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងតំបន់ជាពិសេសនៅក្នុងប្រទេស។

ក្នុងពេលផ្តល់បទអន្តរាគមន៍ឆ្លើយតបទៅនឹងសំណួរ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ពីសារៈសំខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង ចំទិសដៅ រហ័សរហួន និងវៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការឆ្លើយតបដាក់ចេញវិធានការបត់បែន សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសលោកស្រីបានលើកបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស និងលទ្ធផលសម្រេចបានលើកិច្ចការដ៏សំខាន់នេះនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកស្រីបានបន្តថា ការគ្រប់គ្រងការងារ និងទិន្នន័យតាមប្រព័ន្ធឌីជីថល ក៏ត្រូវបានលើកឡើងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា ទន្ទឹមនឹងការបញ្ជាក់របស់លោកស្រីជូនអង្គប្រជុំដែរថា ការដឹកនាំខ្លាំង និងដាក់ចេញយន្តការត្រឹមត្រូវ ព្រមទាំងការវិនិយោគលើវិស័យសុខភាពសាធារណៈនេះ និងការពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសសមាជិកអាស៊ាន មិនត្រូវមើលរំលងឡើយនៅក្នុងផែនការត្រៀមលក្ខណៈតទៅមុខទៀត សម្រាប់ឆ្លើយតបការរាតត្បាតនាពេលខាងមុខ ហើយប្រជាជនត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩ វិវត្តបម្លែងខ្លួន ដោយគេមិនអាចនឹងសម្លាប់បានអស់នោះឡើយ ដោយប្រជាជនមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩ ហើយត្រូវត្រួតត្រាកូវីដ-១៩ ជាជាងទុកឱ្យកូវីដ-១៩ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃឡើយ។

ដូច្នេះការរៀនរស់នៅជាមួយនឹងការបន្តកិច្ចការពារការចម្លងរោគ ជាប្រធានបទសម្រាប់ប្រជាជនយកទៅគិត និងរៀបចំខ្លួន ដោយត្រៀមលក្ខណៈទុកជាមុន ជាមួយនឹងការវាយតម្លៃហានិភ័យ បន្ធូរបន្ថយវិធានការ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន ប្រជាជនជាច្រើនទទួលបានវ៉ាក់សាំង និងបានគ្រប់ប្រទេសផងដែរ។ ការធ្វើដំណើរ និងការទទួលស្គាល់នូវបណ្ណបញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន ក៏ជាចំណុចលើកឡើងសម្រាប់ការយល់ដឹងផងដែរ។

ការសាមគ្គីភាពក្នុងប្រទេសក្នុងតំបន់ និងលើសាកលោក ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ ជាជំហានដែលគេគួរតែបោះទៅមុខ ដោយមិនត្រូវមានការបែងចែកពិភពលោក មានការរើសអើង រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការជាមួយដៃគូ ដូចជា អង្គការសុខភាពពិភពលោក និងអង្គការផ្សេងៗជាតម្រូវការរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមក វះកាត់ និងឆ្លងកាត់ចេញពីប្រអប់កូវីដ-១៩ ទាំងអស់គ្នា សំដៅឆ្ពោះទៅវត្ថុបំណងរបស់យើងទាំងអស់គ្នា គឺសហការដើម្បីសុខភាព និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសាកលលោកក្រោយពីការរាតត្បាតជំងឺ។

គោលបំណងនៃកិច្ចប្រជុំ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ និងមេរៀនបទពិសោធន៍កើតចេញពីការរាតត្បាតជំងឺកូវីដ-១៩ សំដៅឆ្ពោះទៅការវិនិយោគ និងផ្តល់ហិញ្ញវត្ថុ ព្រមទាំងបង្កើនការយល់ដឹង និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណៈ។

កិច្ចប្រជុំពិសេសនេះ ត្រូវបានប្រារព្ធពិធីបើកដោយមានវត្តមានលោក Dato Dr. Mohd Amin Liew Abdullah រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសព្រុយណេ ដែលបច្ចុប្បន្នប្រទេសនេះជាប្រធានអាស៊ាន, លោក Dato Dr. Hi Md Isham bin Jaafar រដ្ឋមន្ត្រីសុខាភិបាលព្រុយណេ និងលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដោយមានការចូលរួមពីឯកឧត្តម លោកស្រីរដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីសេដ្ឋកិច្ច អាជ្ញាធរសុភាពសាធារណៈនៅក្នុងអាស៊ាន ប្រទេសសមាជិកអាស៊ានទាំង ១០ វិទ្យាស្ថានសិក្សា និងស្រាវជ្រាវនៃបណ្តប្រទេសអាស៊ាន អង្គការសុខភាពពិភពលោក ធនាគារពិភពលោក មូលនិធិ Rockefeller មូលនិធិ Bill & Melinda Gates និងដៃគូពាក់ព័ន្ធ សរុបចំនួន ៣៣៨នាក់៕