(ភ្នំពេញ)៖ កងកម្លាំងនគរបាលជាតិ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

ក្នុងញត្តិកងកម្លាំងនគរបាលជាតិថែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិ សូមប្រកាសជាឧឡាឫក គាំទ្រយ៉ាងពេញទំហឹងចំពោះ ការផ្ដួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ “ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥសស្សរជនដែលមានសញ្ជាតិ ខ្មែរតែមួយគត់»

ញត្តិដដែលបញ្ជាក់ថា ជាការពិតណាស់ ឥស្សរជននយោបាយគ្រប់រូបគឺជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវ ចំពោះជោគវាសនា និងផលប្រយោជន៍របស់ជាតិខ្មែរ ហ៊ានលះបង់គ្រប់បែបយ៉ាង រួមទាំងសញ្ជាតិបរទេស (ប្រសិនបើមាន) ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ។ គ្មានបរទេសណាច្បាស់ខ្មែរជាងខ្មែរ និងស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះឡើយ។ ការផ្ដួចផ្តើមប្រកបដោយឧត្តមគតិស្នេហាជាតិ និងប្រជាជនរបស់សម្តេចតេជោ បានធ្វើឱ្យយើងខ្ញុំជាកង កម្លាំងនគរបាលជាតិ ទទួលបាននូវភាពកក់ក្ដៅ និងមានមោទនភាពយ៉ាងក្រៃលែង ព្រមទាំងមានឆន្ទះកាន់តែមុះ មុតបន្ថែមទៀត ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសការពារ ដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់។

កងកម្លាំងនគរបាលជាតិ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសាន្ត សម្បូរ រុងរឿង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»