(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល ជូនដល់សមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា និងកុមារក្រីក្រ សម្រាប់រៀបចំពិធីជប់លៀងមួយពេល ជូនដល់ក្មួយៗកុមារ ក៏ដូចជាសម្រាប់ទ្រទ្រង់ដល់សមាគមផងដែរ ។
ក្នុងពិធីប្រគល់ថវិកានេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ក្មួយៗទាំងអស់ ហើយសូមឲ្យក្មួយៗត្រូវខិតខំរៀនសូត្រ និងត្រូវមានអនាម័យល្អមុននឹង ញុំាបាយត្រូវលាងដៃឲ្យបានស្អាត និងត្រូវហូបទឹកឆ្អិនជានិច្ច។
ឆ្លើយតបទៅនឹងទឹកចិត្តដ៏សប្បុរសធម៌នេះ ក្មួយៗកុមារ និងប្រធានសមាគម បានថ្លែងអំណរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋជាក់ស្ដែង ដូចជាពួកយើងទាំងអស់គ្នាក្នុងពេលនេះ។ ជាមួយគ្នានេះ ក្មួយៗបានប្រសិទ្ធពរដល់សម្តេច សូមជួបតែសេចក្តីសុខគ្រប់ពេលវេលា ទទួលបានជោគជ័យគ្រប់ភារៈកិច្ចទាំងអស់ និងមានសុខភាពល្អ អាយុយឺនយូរ ៕