(កណ្ដាល​)៖ ​លោក​ គឹម​ ម៉េង​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅរសៀល​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ បានដេញដីកាសម្រេចឃុំ​ខ្លួនអ្នកបើករថយន្ត បណ្តាលឲ្យធ្លាក់ចូលទឹកទន្លេ នៅកំពង់ចម្លង «អុងប៉ាង» ​ដាក់​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត។ អ្នកបើករថយន្តខាងលើនេះមានឈ្មោះ​ ពន់​ ពេក​ ហៅ​សាក់​ សារ៉ាក់​ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​​រង សេង​ ឬទ្ធី​ ចោទប្រកាន់​ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​តាម​មាត្រា​៨៥​ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១០លាន​រៀល​ទៅ​២៥លាន​រៀល។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសង្វេកសម្រាប់ប្រជាពលរដ្ឋខ្មែរនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ៧៖១៥នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។​ សម្រាប់ករណីនេះត្រូវបានសមត្ថកិច្ចប្រាប់ថា បណ្តាលឲ្យស្លាប់៧នាក់ (ក្មេងៗចំនួន៥នាក់)។

របាយការណ៍របស់ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឲ្យដឹងថា មុនពេលមានករណីនេះកើតឡើង ជនរងគ្រោះទាំង១១នាក់ បានធ្វើដំណើរ តាមរថយន្តមួយគ្រឿងម៉ាក Lexus RX-300 ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 2S-9169 ចេញពីសែនផ្នូរ នៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ដោយអ្នកបើកបរបានផឹកគ្រឿងស្រវឹងអស់ពីរកំប៉ុង។

ពេលបើកមកដល់កំពង់ចម្លង ខណៈបើកចុះទូកដរ អុងប៉ាង អ្នកដែលនៅរស់៣នាក់ បានចុះពីរថយន្ត បន្ទាប់មកអ្នកបើករថយន្ត បានបើកចុះទូក ដោយជាន់ហ្គែរខ្លាំងលើសល្បឿន ស្រាប់តែរថយន្តបានជ្រុលឡើង លើកំណល់ រហូតធ្លាក់ទឹកតែម្ដង ប៉ុន្តែភ្លាមៗនោះ អ្នកបើកបានលូនចេញតាមទ្វារ ដោយកញ្ចក់បើកស្រាប់ ក្រៅពីនោះឈ្លក់ទឹកស្លាប់ទាំងអស់៧នាក់ យ៉ាងអាណោចអាធ័ម។ មន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះទាំង១១នាក់រួមមាន៖
ទី១៖ ឈ្មោះ សាក់ សារ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងឌីណាម៉ូតូ (រួចផុតពីស្លាប់),
ទី២៖ ឈ្មោះ វឿង ភេទប្រុស អាយុ៣៥ឆ្នាំស្លាប់
ទី៣៖ ឈ្មោះ សឿន សុវណ្ណារីទ្ធ, ប្រុស អាយុ៧ឆ្នាំ ស្លាប់
ទី៤៖ ឈ្មោះ គឿន សុវណ្ណារាជ, ប្រុស អាយុ៤ឆ្នាំ ស្លាប់
ទី៥៖ ឈ្មោះ រ៉ាក់ ឆៃណារ៉ា, ប្រុស អាយុ១២ឆ្នាំ ស្លាប់
ទី៦៖ ឈ្មោះ វឿន គីមឡាង, ស្រី អាយុ១៣ឆ្នាំស្លាប់
ទី៧៖ ឈ្មោះ ចាន់ ថនរចនា, ស្រី អាយុ៨ឆ្នាំ ស្លាប់
ទី៨៖ ឈ្មោះ ខន ឡេន, ស្រី អាយុ៣៥ឆ្នាំ ស្លាប់
ទី៩៖ ឈ្មោះ ផ្លុំ ចាន់ថន, ប្រុស អាយុ៣៦ឆ្នាំ នៅរស់
ទី១០៖ ឈ្មោះ ខន ប្រាំង, ស្រី អាយុ២៨ឆ្នាំ នៅរស់
ទី១១៖ ឈ្មោះ វឿន គីមហុង, ស្រី អាយុ៣ឆ្នាំ នៅរស់ ដែលជនរងគ្រោះទាំងអស់ រស់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់នៅតំបន់នោះ បានចុះទៅជួយអន្តរាគមន៍ ដោយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ តែអកុសលពួកគេ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បើទោះបីក្មេងតូចៗ២នាក់ ពីដំបូងថា នៅមានដង្ហើមនោះក៏ដោយ។ សម្រាប់កំពង់ចម្លងមួយនេះ គេក៏បានបិទស្លាកសញ្ញា នៅទីនោះដែរ សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ដោយដាក់ថា «អ្នកជិះក្នុងរថយន្ត សូមមេត្តាចុះដើរ សុំបើកកញ្ចក់ និងដោះក្រវ៉ាត់ការពារ»