(ភ្នំពេញ)៖ លោក ហោ ណាំហុង បានបញ្ចប់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិហើយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីរូបលោកបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិ លើបេសកកម្មការទូត អស់រយៈពេលជិត២០ឆ្នាំ។
លោក ហោ ណាំហុង ត្រូវបានគេចាត់ទុកថា ជាមន្រ្តីរាជរដ្ឋាភិបាលចំណាស់មួយរូប ដែលមានភាពមឹងម៉ាត់ជាមួយការងាររបស់លោក ហើយក៏តែងមិនសំចៃមាត់ ក្នុងការស្តីបន្ទោសដល់មន្រ្តីក្រោមឱវាទ ដែលមានកំហុសឆ្គងផងដែរ។
នៅក្នុងថ្ងៃផ្ទេរត្រា និងតួនាទីជូនលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីកាន់តួនាទី ជារដ្ឋមន្រ្តីក្រសួងការបរទេសអស់រយៈពេល ១៨ឆ្នាំ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងសុំការអធ្យាស្រ័យពីមន្រ្តីក្រោមឱវាទ របស់លោក ចំពោះការប្រើពាក្យពេចន៍មិនសមរម្យមួយចំនួន។ លោក ហោ ណាំហុង បានបញ្ជាក់ថា សម្តីមិនសមរម្យនោះ មិនមែនជាចេតនារបស់លោកនោះទេ គឺដោយសារតែសម្ពាធការងារប៉ុណ្ណោះ។
លោកឧបនាយករដ្ឋមន្រ្តី បន្តថ្លែងថា «ខ្ញុំក៏សូមលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា មេត្តាអធ្យាស្រ័យឲ្យខ្ញុំ ដែលនៅពេលខ្លះបានប្រើពាក្យមិនគួរសមខ្លះ ចំពោះលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញាកន្លងមក។ នេះគឺពុំមែនជាចេតនាខ្ញុំទេ តែខ្ញុំសង្ឃឹមថា លោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា យល់ថា នេះគឺបណ្តាលមកពីសំពាធការងារ ដូចលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា បានឃើញជាសក្ខីកម្មស្រាប់»៕
ទោះបីជាយ៉ាងណា លោក ហោ ណាំហុង បាអំពាវនាវដល់មន្រ្តីក្រសួងការបរទេសទាំងអស់ បន្តខិតខំបំពេញភារៈកិច្ច ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីរកផលប្រយោជន៍ជូនជាតិ ការពារកិត្តិយស កិត្យានុភាព និងផ្សព្វផ្សាយការរីកចម្រើនរបស់ជាតិ៕